១៥ខេត្តហើយ! ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រុងប្រ យ័ត្នជំងឺគ្រុនឈីក ខណៈរាលដាលដល់១៥ខេត្តហើយ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីស្ថានភាពនៃការវិវឌ្ឍជំងឺគ្រុនឈីក នៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញថា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

តាមរបាយការណ៍ស្រាវជ្រាវ និងតាមដានដោយយកចិត្តទុកដាក់ពីកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បរាសិតសាស្ត្រ និងបាណកសាស្ត្រ បានរាយការណ៍ថា

មានករណីសង្ស័យជំងឺគ្រុនឈីក សរុបទូទាំងប្រទេស កើនឡើងពី ១០២០ករណីសង្ស័យ ដែលបានរាយការណ៍លើកមុននោះ ឡើងមកដល់ ១៧០០ករណីសង្ស័យ ដែលកើតមានឡើងនៅលើខេត្តចំនួន១៥។

«រាយការណ៍លើកមុននោះ យើងមាន១២ខេត្តទេ តែលើកនេះថែមខេត្តចំនួន ៣ទៀត គឺខេត្តកំពង់ធំ បាត់ដំបង និងកណ្តាល។ ខេត្ត១៥នេះ មាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ

តាកែវ ព្រះសីហនុ ព្រះវិហារ កណ្តាល បន្ទាយមានជ័យ កំពង់ចាម និងសៀមរាប»។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល សង្កេតឃើញថា ករណីគ្រុនឈីកនេះ មានខេត្តខ្លះមានករណីច្រើន ខ្លះមានត្រឹមតែពី ១ទៅ២ករណី ហើយខ្លះទៀតមានពី ៥ទៅ៦ករណីសង្ស័យតែប៉ុណ្ណោះ។

ដោយឡែក នៅក្នុងចំនួន ១៧០០ករណីសង្ស័យនេះ កម្មវិធីជាតិបាន និងកំពុងតែធ្វើការវិភាគដោយយកចិត្តទុកដាក់ ហើយក្នុងនោះមកដល់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ទទួលបានលទ្ធផលថា

ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ស្ទឹងត្រែង ព្រះសីហនុ និងបាត់ដំបង ដែលធ្វើតេស្តក្នុងចំណោមអ្នកសង្ស័យ បានរកឃើញថាមានជំងឺគ្រុនឈីក ចំនួន ៧២,៤០ភាគរយ។ លោកស្រីសង្កត់ធ្ងន់ៗ «ខ្ញុំសូមបញ្ជាក់ថា យើងរកឃើញ ៧២,៤០ភាគរយ ដែលនេះជាចំនួនខ្ពស់ដែរ

ហើយដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ ក្នុងការការពារខ្លួន ពីព្រោះយើងមានរដូវភ្លៀង ហើយការកកើតមូសក៏មានច្រើនផងដែរ»។

នៅក្នុងចំនួននៃអ្នកដែលសង្ស័យសរុបទាំង១៧០០ មានអ្នកខ្លះបានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញ ហើយនៅសល់មួយចំនួនទៀត កំពុងទទួលការព្យាបាល ជាពិសេសករណីថ្មីៗ។

លោកស្រី ឱ វណ្ឌឌីន បានរំលេចជូនផងដែរថា ករណីសង្ស័យនៃជំងឺគ្រុនឈីកនេះ មានការកើនឡើង ជាពិសេសនៅខាងខេត្តសៀមរាបពី ១៦៧ករណីសង្ស័យ កើនដល់ ៦៧៤ករណីសង្ស័យ នៅខេត្តកំពង់ចាមពី ១៤៦ករណីសង្ស័យ កើនដល់ ២៨០ករណីសង្ស័យ ហើយនៅខេត្តកណ្តាលកើនពី ១៤២ករណី

ដល់១៦៤ករណីសង្ស័យ និងខេត្តបន្ទាយមានជ័យពី ២១១ករណីសង្ស័យ កើនដល់២២៧ករណីសង្ស័យ។ ខេត្តមួយចំនួនទៀត មានការកើនឡើងដែរ តែតិចតួចបំផុត ឯខេត្តមួយចំនួនទៀត មិនទាន់មានការកើនឡើងករណីសង្ស័យទេ៕

Leave a Reply