មនុស្ស៥ម៉ឺននាក់ក្នុងវិស័យទេសចរនៅកម្ពុជាកំពុងបាត់បង់ការងារដោយសារវិបត្តកូវីដ-១៩

ឥទ្ធិពលនៃកូវីដ-១៩ បានធ្វើឱ្យពិភពលោកមានការជ្រួលច្របល់ ជាខ្លាំង និង ធ្វើឱ្យសរសៃឈាមសេដ្ឋកិច្ចជាច្រើនផ្នែក ត្រូវទទួលរងនូវផលប៉ះពាល់ ។ យើងឃើញថា វិស័យដែលប៉ះពាល់ជាងគេនោះ គឺទេសចរណ៍ និង បដិសដ្ឋារកិច្ច ។

បើយោងតាមក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យថា ក្នុងនោះកម្ពុជាបានរកឃើញមានអាជីវកម្មធំៗក្នុងវិស័យទេសចរណ៍ មិនក្រោម ៣០០០ អាជីកម្មទេដែលបានបិទទ្វារ ហើយមួយចំនួនទៀតក៏ត្រូវផ្អាកអាជីវកម្មរបស់ខ្លួន ដោយសារតែពុំមានភ្ញៀវទេសចរណ៍ កក្តានេះបានធ្វើឱ្យមនុស្សប្រមាណ ៥០០០០ នាក់ កំពុងបាត់បង់ការងារធ្វើក្នុងវិស័យនេះ ។

ដើម្បីដោះស្រាយវិបត្តិនេះ ក្រសួងទេសចរណ៍ បានជួបប្រជុំគ្នាជាមួយវិស័យឯកជន ក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺកូវីដ ១៩ ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ក្រសួងទេសចរណ៍នឹងពិគ្រោះជាមួយអ្នកជំនាញ និង ក្រសួងសុខាភិបាល

ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬ ហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬ ប្រទេសដែលមានសុវត្ថិភាពពីជំងឺកូវីដ ១៩ ។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្តទៀតថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬ របៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពីជំងឺកូវីដ ១៩ ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពីកូវីដ ១៩ នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ

គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ និង ជំរុញការស្តារអាជីវកម្មទេសចរណ៍ឱ្យមានដំណើរការជាបណ្តើរៗឡើងវិញ  និង ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារជំងឺកូវីដ ១៩ និង ធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ ៕

Leave a Reply