អាជ្ញាធររាជធានីភ្នំពេញ៖ កំពុងស្វែងរកវិនិយោគិនក្នុងការទិញទីតាំងអគារចាស់ៗ ដោយសារតែហេតុផលទាំងនេះ….

អាជ្ញាធររាជធានីភ្នំពេញ៖ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ដោយមានការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅអគារទ្រុឌទ្រោមទាំងនោះ ក្នុងតម្លៃឯកភាពគ្នាណាមួយ។

រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងលោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ដោយកិច្ចប្រជុំនេះ បានធ្វើឡើង នៅថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២០ ។

កាលពីម្សិលមិញនេះដើម្បីជំរុញឱ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ នឹងធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការសង់សំណង់ខុសច្បាប់អនុញ្ញាតត្រូវហាមឃាត់ ឬវាយចោលមិនត្រូវទុកឱ្យមានការភ័យកើតឡើងទេ ។ បញ្ហាបែបនេះយើងធ្លាប់បានវាយ និងកាត់សំណង់កម្ពស់ ១០ជាន់រួចម្តងហើយ។

ការធ្វើដូច្នេះគឺដើម្បីកុំឱ្យមានហានិភ័យកើតឡើងប៉ះពាល់ដល់អាយុជីវិតមនុស្ស។លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកគាំទ្រជានិច្ចចំពោះការបើកការដ្ឋានឱ្យសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់ដែលគ្មានច្បាប់ និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។

ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម លោកអភិបាល រាជធានីភ្នំពេញ ក៏បានជំរុញឱ្យរដ្ឋបាលខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ជាពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ

និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ចៀសវាងមានហានិភ័យអ្វីមួយកើតឡើង ហើយមកបន្ទោសអាជ្ញាធរថាមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទ្រុឌទ្រោមទាំងអស់នេះមានហានិភ័យខ្ពស់ណាស់ ៕

ប្រភព៖ Business Cambodia

Leave a Reply