ស្ងាត់ៗ តូតា បើកហាងលក់គ្រឿងអលង្ការ សម្រេចក្តីប្រាថ្នាតាំងពីនៅតូច

ភ្នំពេញ៖ មិនយូរមិនឆាប់​ សមាជិកថ្មីរបស់ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅតូតា នឹងឃើញពន្លឺព្រះអាទិត្យហើយ ព្រោះពេលនេះ រូបគេ នៅក្នុងពោះម្តាយគេ រយៈពេល៧ខែហើយ ដូច្នេះបន្តិចទៀត ក្រុមគ្រួសាររបស់នាង នឹងមានសភាពកាន់តែអ៊ូអរជាមុនរឹតតែខ្លាំង។

ជាពិសេស នៅពេលរូបនាង កំពុងតែមានផ្ទៃពោះបែបនេះ ក្នុងនាមជាស្វាមី បានមើលថែ តូតា បានយ៉ាងល្អឥតខ្ចោះ និងយកចិត្តយកថ្លើម មិនឲ្យនាងទាស់ចិត្តនោះទេ មិនថានាងទៅណា ចង់ធ្វើអី ស្វាមីរបស់អ្នកនាង តែងតែបំពេញតាមតម្រូវការជានិច្ច និងជូនទៅតាមសំណើរ។

ក្នុងនោះដែរ បើទោះបីជា តូតា កំពុងតែពរពោះក៏ដោយ ក៏រូបនាង មិនភ្លេចក្នុងការរកស៊ី ហើយថែមទាំង បង្កើតមុខរបរថ្មីទៀតផង ដែលជាហាងលក់គ្រឿងអលង្ការ មួយកន្លែង​ ដែលនឹងរៀបចំរួចរាល់ក្នុងពេលឆាប់ៗនេះ ហើយវាក៏ជាក្តីប្រាថ្នារបស់នាងផងដែរ តាំងពីក្មេងមកម្ល៉េះ ទីបំផុតនាង ក៏អាចសម្រេចក្តីស្រម៉ៃរបស់នាងបានហើយ។

គួរបញ្ជាក់ផងដែរថា តូតា ក៏មានជំនាញលក់មាស លក់ពេជ្រ ដែរ ព្រោះម្តាយរបស់នាង រកស៊ីខាងនេះ តាំងពីដើម ហើយនាងក៏តែងតែជួយលក់ដូរ នៅឯផ្សារ គ្រាន់តែពេលខ្លះ ហ្វេនៗ មិនសូវដឹង ដូច្នេះរបររកស៊ី ខាងលក់គ្រឿងអលង្ការនេះ មិនមែនជារឿងពិបាកសម្រាប់នាងនោះទេ៕

Leave a Reply