និស្សិតភូមិន្ទភ្នំពេញបើកឆាកមុនគេ ទៅប្រឡងនៅសាលាផ្ទាល់ ត្រូវវាស់កំដៅ អង្គុយឃ្លាតៗពីគ្នា

បន្ទាប់ពីក្រសួងផ្អាកដំណើរការសាលារៀនទូទាំងប្រទេសមួយរយៈមក ពេលនេះមាននិស្សិតនៃសា​ក​ល​វិទ្យាល័យភូមិន្ទភ្នំពេញ បានទៅដល់សាលាមុនគេដើម្បីធ្វើការប្រឡងបញ្ចប់ឆមាស ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

តាមការឱ្យដឹងពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខាងលើ និស្សិតដែលបានទៅប្រឡងឆមាសនេះ គឺជានិស្សិតថ្នាក់មូលដ្ឋានដែលអាក់ខានការប្រឡងឆមាសមុនពេលផ្ទុះវីរុសកូវីដ ១៩ ។

ពេលនេះនិស្សិតទាំងនោះត្រូវមកប្រឡងហើយត្រូវវាស់កំដៅ សម្អាតដៃ ពាក់ម៉ាស់ និងរក្សាគម្លាតពេលអង្គុយប្រឡង ដើម្បីធានាសុវត្ថិភាព ការពារការចម្លងវីរុសកូវីដ ១៩ ។ និស្សិតទាំងអស់ក៏បានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អផងដែរ ។

ដោយឡែកចំពោះការបើកដំណើរការសាលាជាដំណាក់កាលទី ១ ក្រសួងមិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ គ្រាន់តែបញ្ជាក់ថានៅក្នុងកំឡុងខែសីហា ហើយសាលាដែលត្រូវបើកមុនគេ មានចំនួន ២០ ប៉ុណ្ណោះ ដែលមានកម្រិតស្ដង់ដារសុវត្ថិភាពខ្ពស់ ៕

Leave a Reply