ខ្លាំងមែន! គ្រានតែដាំត្រសក់ផ្អែម និង ឪឡឹក ក៏រកចំណូលបានជិត ៣ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ

កាលពីមុន គ្រួសារកសិករ ធួន ព័រ មានជីវភាពក្រលំបាកយ៉ាងខ្លាំង ប៉ុន្តែបន្ទាប់ពីផ្លាស់ប្តូរមុខរបរមកដាំត្រសក់ផ្អែម ឪឡឹកពណ៌ស្វាយ និង ដាំបន្លែបង្ការមក បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានជីវភាពធូរធារជាងមុន ។ កសិករ ធួន ព័រ បានផ្លាស់ប្តូរមុខរបរទាំងនេះ អស់រយៈពេលជិត ៨ ឆ្នាំមកហើយ ។


កសិករ ធួន ព័រ រស់នៅក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គ្រួសាររបស់គាត់ ចាប់ផ្តើមដាំបន្លែ តាំងពីឆ្នាំ ២០១២មកម្ល៉េះគឺដាំតាមការណែនាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តឧត្តរមានជ័យ ក្រោមការជួយគាំទ្រ បណ្តុះបណ្តាល បច្ចេកទេស ពី អង្គការ IDE បាធ្វើឱ្យគ្រួសាររបស់គាត់មានការផ្លាស់ប្តូរផ្នែកជីវភាពប្រសើរជាងមុន ។


ពីដំបូងឡើយ គាត់មានជីវភាពក្រលំបាកខ្លាំងណាស់ ប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ តែដោយមានចិត្តស្រលាញ់ លើមុខរបរកសិកម្ម ការរដាំដុះបន្លែបង្ការផ្សេងៗនោះ រូបគាត់តែងតែបានចូលរួមរាល់សកម្មភាពនានា ដែលពាក់ព័ន្ធ និង ការសិក្សា រៀនសូត្រ ពីការងារ ចិញ្ចឹមសត្វ និង ដាំដុះ ។


ឆ្លងតាម ការខិតខំ ទាំងទ្រឹស្តី និង អនុវត្តផ្ទាល់ រហូតមកទល់ពេលនេះ បានធ្វើឱ្យក្រុមគ្រួសារគាត់ទទួលបានប្រាក់ចំណូល ពីការដាំដុះបន្លែបង្ការទាំងនេះ បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ រហូតមានប្រាក់សាងសង់ផ្ទះបានសមរម្យ ទិញដីស្រែបាន ១០ ហិកតា និង ដីចម្ការបាន ៤,៥ ហិកតា និង មានគោ ក្របី ជាង ២០ ក្បាលបន្ថែមទៀត ។


ជាមធ្យមគ្រួសារគាត់ អាចរកប្រាក់ចំណូលបានក្នុងមួយឆ្នាំប្រមាណ ២៨ ០០០ ដុល្លារអាមេរិក។ ក្នុងការបំពេញការងារ នៅខេត្តឧត្តរមានជ័យ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ វេង សាខុន បានបានសម្តែងនូវក្តីភា្ញក់ផ្អើល និង ត្រេកអរ ដែលបានមកឃើញចម្ការត្រសក់ផ្អែម និង ឪឡឹកលឿង របស់កសិករ ធួន ពរ ដាំបានទទួលផលល្អបែបនេះ ។


ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់លោក ធួន ពរ ដែលបានឧស្សាហ៍ព្យាយាមក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង ការដាំដុះបានល្អប្រសើរ ឈានដល់ការពង្រីកខ្លួនក្នុងវិស័យកសិកម្មបានចំណូលក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ព្រមទាំងបានធ្វើការលើកទឹកចិត្តដល់លោក ធួន ពរ និង ក្រុមគ្រួសារ បន្តពង្រីកការដាំដុះបន្ថែមទៀត និង បានណែនាំឱ្យមន្ទីរជួយសម្របសម្រួលក្នុងការពង្រឹងយន្តការទីផ្សារ ជូនកសិករ ធួន ពរ ផងដែរ ៕

Leave a Reply