រចនា រ៉ា​វ៉ា​ឌី ​ ប្រាថ្នា​ស្នេហ៍​បុរស​វ័យ​ចាស់​ជាង​ខ្លួន ព្រោះ​ចេះ​ថ្នម…

ភ្នំពេញ ៖ តារា​ម៉ូ​ដែល និង​ជា​តារា​សម្តែង​ស្រី​សម្បុរ​ស្រអែម កញ្ញា រចនា រ៉ា​វ៉ា​ឌី បាន​ទម្លាយ​ពី​ដួងចិត្ត​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​បុរស​នៅ​ក្នុង​ក្ដី​ស្រមៃ ជា​បុរស​មាន​វ័យ​ចំណាស់ អាយុ​ខ្ទង់​៣០ ព្រោះ​ចេះ​ថ្នាក់ថ្នម​។​


កញ្ញា រចនា រ៉ា​វ៉ា​ឌី តាមរយៈ​ចូលរួម​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី «​អាថ៌កំបាំង​ក្រៅ​ឆាក​របស់​តារា​» នាពេល​ថ្មីៗ​នេះ ក្នុង​ទូរទស្សន៍ Fresh News បាន​លើកឡើងថា បច្ចុប្បន្ន​នាង​មិនទាន់មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នរណាម្នាក់​ឡើយ ប៉ុន្តែ​កំពុងស្ថិត​ក្នុង​ការមើល​ចិត្ត​គ្នា​ទៅវិញទៅមក​ជាមួយ​បុរស​ម្នាក់។


ជាមួយនឹង​ការ​រំលេច​អាថ៌កំបាំង​បែបនេះ នាង​មិនបាន​ទម្លាយ​ឡើយ​ថា តើ​បុរស​ដែល​នាង​កំពុង​សិក្សា​នោះ ជា​នរណា និង​មាន​មុខងារ​អ្វី​ក្នុងសង្គម​នោះទេ គ្រាន់តែ​ថា​មិនមែនជា​អ្នកសិល្បៈ​។


ដោយឡែក​សម្រាប់​វ័យ​វិញ រ៉ា​វ៉ា​ឌី មិន​ស្វាគមន៍​ដាច់​ខាត់​ចំពោះ​បុរស ដែលមាន​អាយុ​ក្មេង ឬ​ប្រហាក់ប្រហែល​នឹង​នាង ព្រោះ​ប្រកាន់​ជំហរ​ថា «​ក្មេង​ឈាមរាវ​» ពោលគឺ​ស្រឡាញ់​តែ​បុរស​មាន​វ័យ​ចំណាស់ ព្រោះ​ចេះ​ថ្នម​។​


ស្រី​ស្រស់ រ៉ា​វ៉ា​ឌី បាន​និយាយ​ក្នុង​កម្មវិធី «​អាថ៌កំបាំង​ក្រៅ​ឆាក​របស់​តារា​» យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​តាំងពីដើម គឺ​អត់​ស្រឡាញ់​មនុស្ស​ប្រុស​ដែល​ក្មេង​ជាង​ខ្ញុំ​ទេ គឺ​ស្រឡាញ់​មនុស្ស​ប្រុស​ដែល​ចាស់​ជាង​ខ្ញុំ ដោយសារតែ​ខ្ញុំ​គិតថា មនុស្ស​ចាស់​អាច​ដឹង​ទុក្ខ​ធុរៈ​យើង​ច្រើនជាង ហើយ​ជាពិសេស​គឺ​អត់​ឈាមរាវ​ដូច​ក្មេង​ទៀត​។ ខ្ញុំ​ចង់បាន​ស្នេហា​ចាស់ទុំ ខ្ញុំ​អត់​ចង់បាន​ស្នេហា​…​រន្ទះបាញ់​ទេ អាច​អាយុ​ប្រហែល​២០​ក្រាស់ ចូល​៣០​ឆ្នាំ​»៕​

Leave a Reply