ភ្នំពេញ ៖ ដោយសង្កេតឃើញរឿងរបស់ខ្លួនទិញឡានក្លាយជាប្រធានបទក្ដៅ និងបន្តជជែកវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះ មានមនុស្សមួយចំនួនជេរខ្លួននោះ តារាចម្រៀងទេព បូព្រឹក្ស បានលើកជាសំណួរថា ពាក់ព័ន្ធរឿងនេះ។
កញ្ញាទេព បូព្រឹក បានលើកជាចម្ងល់ និងសំណួរ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញដូច្នេះថា «ហើយកាលរឿងឡាននឹងចប់?ហើយមិចបានជេរខ្ញុំគ្រាន់ខ្ញុំទិញឡាន ហេតុអីច្រណែន ហេតុអីពួកអ្នកធ្វើបាបខ្ញុំ»។
រំលងបាន១ថ្ងៃ ពោលនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ តារាសម្ដែង និងជាពិធីការិនី សូ ដានីតា បានធ្វើការឆ្លើយតប ដោយលើកទឹកចិត្តកញ្ញាទេព បូព្រឹក្ស ថា «កុំខ្វល់អូន អ្នកណាគិតអីគិតទៅ ជាលុយរបស់យើង ទោះជា ឡានបង់ដាច់ ឬ ខ្ចីធ នាគារក៏ដោយ យើងអ្នកបង់ ហើយទោះជាយើងខ្ចីលុយធនាគារមែន បើសិនជាយើងគ្មានលទ្ធភាពសងគេជាប្រចាំខែ
ក៏គេមិនអោយខ្ចីដែរ មនុស្សអើយមនុស្ស ពេលគេក្រមើលងាយគេ ពេលឃើញគេមានដើរទន្ទ្រានគេ ក្តៅក្រហាយគេ គួរសរសើរពួកគាត់ទៅ ពួកគាត់ក្មេងៗទេ តែគេមានលុយ មានលទ្ធភាព មានឡានមានផ្ទះ មានស្នេហានិងការងារ គេដ៏រឹងមាំឈប់បានឈប់ទៅ មនុស្សអើយ គួរទុកពេលធ្វើការរកស៊ី ខ្លួនឯងអោយបានមានដូចគេទៅ !!!Sim TepBoprek chea David»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងងួន ចាន់ដេវីត ហៅG-Davith បានទិញរថយន្តROLLS ROYCEដើម្បីជាកាដូសម្រាប់ខួបគម្រប់៤ឆ្នាំ នៃការស្រឡាញ់គ្នាជាមួយនឹងកញ្ញាទេព បូព្រឹក្ស។
ជាមួយនឹងការទិញរថយន្តស៊េរីទំនើបខាងលើនេះ តារាចម្រៀងងួន ចាន់ដេវីត ក៏បានទិញរថយន្ត១គ្រឿងទៀតម៉ាកTundra សម្រាប់ធ្វើដំណើការកម្សាន្តកន្លែងឆ្ងាយៗ និងទីកន្លែងផ្សេងៗទៀត តាមការប្រាថ្នារបស់លោក។
ការទិញរថយន្តនេះ ធ្វើឲ្យល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក រហូតព័ត៌មានតាមអនឡាញមួយចំនួនយកទៅចុះផ្សាយព្រោងព្រាត រហូតមានការរិះគន់មួយចំនួនជុំវិញរឿងទិញរថយន្តនេះ ក្នុងនោះមតិមួយបានលើកឡើងថា រថយន្ត ដែលតារាចម្រៀងខាងលើទិញនេះ ជារថយន្តបង់រំលស់។
ជាការឆ្លើយតបម្ចាស់ការ៉ាស់ ក៏បានធ្វើការបកស្រាយផងដែរថា លោកទទួលបានលុយសុទ្ធពីតារាចម្រៀងខាងលើ គាត់មិនបានបង់រំលស់ឡើយ។ ទោះយ៉ាងណា នៅតែមានការជេរបន្តបន្ទាប់រហូតមកទល់នឹងពេលនេះ ជុំវិញរឿងខាងលើ ធ្វើឲ្យកញ្ញាទេព បូព្រឹក្ស ទ្រាំមិនបានកើតចម្ងល់ធ្វើការសួរដូចខាងលើនោះតែម្ដង៕