ក្រោយសម្រកគីឡូបានសម្រេច វ៉ាន់ នីឡា បង្អួតសម្រស់ក្នុងឈុតកូនក្រមុំលើកដំបូងឡើងខ្ញង់

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះតារាចម្រៀងរូបស្រស់ វ៉ាន់ នីឡា បានបង្អួតសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណ មើលទៅសមសួនទាក់ភ្នែក ។

នេះជាលើកដំបូងដែល វ៉ាន់ នីឡា បង្ហាញសម្រស់ជាថ្មីក្រោយហាត់ប្រាណសម្រករាងបានសម្រេច ជាពិសេសក្រោយពីនាងបាត់មួយរយ់ពេល ។

គេចាំបានថាបាត់មុខពីអាជីពចម្រៀងមួយរយៈមក វ៉ាន់ នីឡា ដែលជាអតីតតារាចម្រៀងនៅក្នុងផលិតកម្មភ្លេងរីខត និង ជាប្អូនស្រីរបស់លោក សុខ ជំនោរ នោះហាក់មានរូបរាងធាត់ទ្រលុកទ្រលន់បែកសាច់ឈាមជាងមុន ។

ស្របពេលនាងបង្ហាញមុខក្មេងប្រុសម្នាក់ដែលមានមុខមាត់ដូចនាងជាខ្លាំង ដែលមានការសង្ស័យថាជាកូនរបស់នាងទៀតផង ។ ចុងក្រោយនេះ វ៉ាន់ នីឡា ខំប្រឹងហាត់ប្រាណសម្រករាងជាខ្លាំងដែលពេលនេះរូបរាងរបស់នាងមើលទៅតូចស្រឡូនស្អាតតែម្តង ។

ជាមួយគ្នានេះដែរតារាចម្រៀងវ័យក្មេងរូបនេះក៏បានបង្អួតសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណដែលមើលទៅកាន់តែសុភាពស្អាតមួយកម្រិតទៀត ។ ឈុតដែលមើលទៅឃើញលេចធ្លោជាងគេគឺឈុតបុត្រីស្ដេចនាគគី និង នាគគា ព្រះនាម «មុជ្ជលិន្ទ» ។

មានការសរសើរពីសម្រស់របស់ វ៉ាន់ នីឡា នៅក្នុងឈុតបុរាណព្រោះកន្លងមកគេធ្លាប់តែឃើញនាងលេងស្ទីលតែងខ្លួនតាមបែបយុវវ័យទាន់សម័យ ។

វ៉ាន់ នីឡា បានបាត់មុខពីអាជីពចម្រៀងក្រោយពីនាងមានរឿងរ៉ាវអាស្រូវកាលពីប៉ុន្មានឆ្នាំមុន តែយ៉ាងណាថ្មីៗនេះមានការបង្ហើបថា វ៉ាន់ នីឡា ត្រៀមវាយលុកក្នុងសិល្បៈជាថ្មីនៅក្នុងផលិតកម្មមួយរបស់បងប្រុសដែលនឹងដំណើរការនៅក្នុងពេលឆាប់ៗនេះ ។

ពេលនេះដែរនាងក៏ចាប់ផ្តើមលេចមុខបណ្តើរៗនៅក្នុងការស្ប៉តពាណិជ្ជកម្មសម្អាងការដើម្បីស្ទាបស្ទង់ទីផ្សារ ។ អ្វីដែលកត់សម្គាល់ទោះផ្អាកពីសិល្បៈ រាប់ឆ្នាំតែ វ៉ាន់ នីឡា នៅតែមានការគាំទ្រពីសំណាក់ទស្សនិកជន

ព្រោះនាងមិនត្រឹមតែជាតារាដែលមានទឹកដមសំឡេងពីរោះប៉ុណ្ណោះទេ ថែមទាំងមានសម្រស់ស្អាត និង កាយវិការក្រមិចក្រមើមគួរឱ្យក្នាញ់ផងដែរ ៕

Leave a Reply