នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កាកបាទក្រហមកម្ពុជា Cambodia Red Cross បានសរសេរប្រាប់ឱ្យដឹងថា៖”សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ ព្រមទាំងចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះលក់ហ្គាស ដែលបណ្តាលឱ្យមនុស្ស ៤នាក់ស្លា ប់ និងរងរបួសធ្ងន់-ស្រាល ៤នាក់ទៀតនោះ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់
ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាក ព្រមទាំងចូលបុណ្យ ស ព ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត និងបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត។
ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងផ្តល់អំណោយដល់ជនរងគ្រោះចំនួន ១គ្រួសារជាម្ចាស់ផ្ទះ ដែលមានអ្នកស្លា ប់ ២នាក់ (ត្រូវជាកូនម្ចាស់ផ្ទះ) អ្នករងរបួសធ្ងន់ ១នាក់ (ត្រូវជាកូនម្ចាស់ផ្ទះ) និងអ្នករងរបួសស្រាល ៣នាក់ (ត្រូវជាម្ចាស់ផ្ទះ, ភរិយា និងប្អូន) កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុអគ្គិភ័យឆេះផ្ទះ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។
ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើដល់អ្នករងរបួសទាំងអស់ សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ថែទាំសុខភាពឱ្យបានល្អ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធ ស ព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ដោយឡែក ក្រុមការងារ ដែលដឹកនាំដោយ ឯកឧត្តមវេជ្ជ អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យ ស ព ជនរងគ្រោះ ២នាក់ ជាកម្មករ ដែលបានធ្វើបុណ្យនៅស្រុកកំណើត ស្ថិតនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យ ស ព ទាំង ៤រូប ដោយគ្រួសារ ស ព នីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល។ ឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ ១នាក់ ថវិកា ៥លានរៀល និងឃីតអ្នកជំងឺ ១ឃីត។ ឧបត្ថម្ភដល់អ្នករងរបួសស្រាល ៣នាក់ ក្នុងម្នាក់ៗ ថវិកា ២លានរៀល និងឃីតអ្នកជំងឺ ១ឃីត”។