រកឃើញមនុស្ស ១០ នាក់ពាក់ព័ន្ធជាមួយស្ត្រីខ្មែរ-អាមេរិក ដែលរត់គេចពីការធ្វើចត្តាឡីស័ក

តាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថាគិតត្រឹមថ្ងៃទី ១៩ ខែកក្កដា ២០២០ នេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលបានរុករក និងស្រាវជ្រាវភ្លាមដើម្បីរកអ្នកដែលមានប្រាស្រ័យទាក់ទងជាមួយស្ត្រី​ខ្មែរ-អាមេរិក ដែលរត់គេចពីធ្វើចត្តាឡីស័ក ។

ក្នុងនោះបានរកឃើញអ្នកដែលពាក់ព័ន្ធទាំងអស់ចំនួន ១០ នាក់ ។ តាមការបញ្ជាក់ក្នុងបទសម្ភាសមួយជាមួយ BTV Cambodia លោកជំទាវបានបញ្ជា្កក់ថា ស្រ្តីនោះបានរត់ចេញពីសណ្ឋាគារមួយនៅភ្នំពេញនៅថ្ងៃទី ១៨ ខែកក្កដា និងបានទៅដល់សណ្ឋាគារមួយនៅក្រុងកំពង់ចាម ក្រោយស្នាក់នៅបាន ១ យប់ក៏បានចេញទៅសណ្ឋាគារមួយទៀត និងត្រូវបានអាជ្ញាធររកឃើញតែម្ដង ។

ក្នុងអំឡុងពេលស្ត្រីរូបនេះស្នាក់នៅសណ្ឋាគារក្នុងក្រុងកំពង់ចាមនេះ គឺមានប្រាស្រ័យទាក់ទងជាមួយបុគ្គលិកសណ្ឋាគារ ៣ នាក់ និងបានទៅផ្សារហើយបានចូលហាងអ៊ុតសក់មួយប៉ះពាល់ដោយផ្ទាល់ជាមួយមេជាងធ្វើសក់ និងកូនជាង ៦ នាក់ និងអ្នកបើកតាក់ស៊ីម្នាក់ ។

គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះបានធ្វើតេស្តចំនួន ២ លើកហើយដើម្បីរកវីរុសកូវីដ ១៩ តែអវិជ្ជមានទាំង ២ លើក ប៉ុន្តែក្រសួងនៅតែបន្តឱ្យធ្វើចត្តាឡីស័កតាមដានបន្តទៀត​ ព្រោះស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរមកពីអាមេរិកជាមួយគ្នានោះ មានអ្នកផ្ទុកវីរុសកូវីដ ១៩ ៕

Leave a Reply