តំបន់ភ្នំធម្មជាតិ ៣ កន្លែងនៅប្រទេសកម្ពុជា ទេសភាពស្អាតស្ទើរមិនជឿនឹងភ្នែក កំពុងល្បីល្បាញបំផុត

កម្ពុជាដែនគ្របងដណ្ដប់ដោយតំបន់ព្រៃភ្នំធម្មជាតិស្ទើរពាសពេញប្រទេស ដែលជាប្រភពធនធានដ៏មហាសាល ស​ម្រាប់​បម្រើឱ្យវិស័យទេសចរណ៍ សេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនឱ្យមានភាពល្អប្រសើរឡើងតាមរយៈផលប្រយោជន៍ជាច្រើនដែលធម្មជាតិផ្ដល់ឱ្យ ។

យ៉ាងណាមិញតំបន់ព្រៃភ្នំមួយចំនួន មិនទាន់មានអ្នកទៅដល់ឡើយ ជាកន្លែងប្រមូលផ្ដុំដោយធម្មជាតិដ៏ត្រកាល ជាទីជម្រកដ៏មានក្ដីសុខសម្រាប់ជីវិតរស់នៅជាច្រើនប្រភេទ ។

ដោយឡែកថ្មីៗនេះ មានតំបន់ធម្មជាតិមួយចំនួនត្រូវបានមនុស្សទៅដល់ និងប្រទះឃើញទេសភាពដ៏ភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿនឹងភ្នែក ហើយកំពុងល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ននេះ ។

១. ទេសភាពព្រៃភ្នំនៅឧទ្យានជាតិវីរៈជ័យ

ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា ។ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត ។

រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា នៅតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសម្ងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងនោះគេតែងជួបឃើញមានដូចជា សត្វស្វាកន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម ។

នៅក្នុងតំបន់ការពារធម្មជាតិនេះ សហគមន៍ជនជាតិដើមភាគតិចប្រូវ គឺជាម្ចាស់ស្រុកកំពុងរស់នៅយ៉ាងសុខសាន្ត ហើយរៀបចំចាំធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ តាមរយៈសេវានៃការស្នាក់នៅប្រកបដោយផាសុខភាពបែបជនជាតិដើមភាគតិច និងស្វែងយល់ពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ។ ពិសេសនោះការធ្វើដំណើរកម្សាន្តជាមួយធម្មជាតិនៃឧទ្យានជាតិវីរៈជ័យ ។

២. តំបន់ខ្នងផ្សារ

«ខ្នងផ្សារ» តំបន់ធម្មជាតិ ប្រៀបដូចជាឋានសួគ៌ក្រោមមេឃ ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាបៃតងខ្ចី មានវាលស្មៅលើខ្នងភ្នំ ប្រៀបដូចជាផ្ទៃសមុទ្រស្មៅយ៉ាងអន្លាយស្អាតខ្លាំងរកអ្វីប្រៀបប្រដូចមិនបាន ។

តំបន់ធម្មជាតិមិនទាន់អភិវឌ្ឍន៍នេះ ស្ថិតនៅភូមិចំណា ឃុំប្រលាយ ស្រុកថ្មបាំង ខេត្តកោះកុងដែលមានព្រំប្រទល់ជិតភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ខ្នងផ្សាជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ។ ខ្នងផ្សារមានកម្ពស់រហូតដល់​ ១០១៧ ម៉ែត្រ​ ។

សម្រាប់ការធ្វើដំណើរ ជិះពីភ្នំពេញមក កំពង់ស្ពឺ ចូលតាមផ្លូវជាតិលេខ ៤ រួចបន្តដំណើរមកមុខរហូតដល់ ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវជិះបន្តរមកមុខទៀតប្រហែល ៥,៦ គីឡូម៉ែត្រទៀត មកដល់ ឃុំតាំងបំពង់ តំបន់រលាក់កងជើង នោះជាភូមិដែលយើងត្រូវឈប់ រួចត្រូវជិះគោយន្តរបស់សហគមទៅកាន់ជើងភ្នំ ដោយចំណាយពេលប្រហែលជិត ២ ម៉ោង​ ដើម្បីទៅដល់ជើងភ្នំដែលយើងត្រូវដើរឡើង ​។

៣. ភ្នំត្បែង ភ្នំត្បែងគ្របដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង​ ២ ម៉ឺន ៥ ពាន់ហិកតា តំបន់ភ្នំត្បែង ​មាន​សម្រស់​ធម្មជាតិ​​ស្អាតដាច់គេ មានទឹកធ្លាក់បីតង់តាម៉ា ទឹកធ្លាក់តាំងយូរ ឬចាក់អង្រែ រូងប្រជៀវភ្នំត្បែង និង​ទី​តាំងសក្ការៈថ្មីបីដុំ។ នេះបើតាមក្រសួងបរិស្ថានបានចុះផ្សាយនាពេរលកន្លងមក ។

មុននឹងឡើងដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកធ្វើ​ដំណើរ​ត្រូវ​ឆ្លង​កាត់ផ្លូវជម្រៀលភ្នំ ដែលអមសងខាងដោយចំការចេកដាក់កន្ទុយភ្នែក ហើយ​អ្វីដែល​សំខាន់​នោះ​​​គឺការឡើងភ្នំដែលមានកម្ពស់ជាង ៤០ ០ម៉ែត្រដែលមានកាំជណ្តើរ ១ ពាន់ ៨ រយ​កាំ ។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន ៥ ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និង រវៀង ៕

Leave a Reply