ក្រោយពីទទួលបានព័ត៌មាន ហេតុការណ៍ដ៏រន្ធត់ ហួសចិត្ត និងល្បីខ្លាំងប្រចាំខែកក្កដា ឆ្នាំ២០២០នេះ បានធ្វើអោយមហាជនជាច្រើនបញ្ចេញកំហឹងពេញបណ្តាញសង្គម facebook សូម្បីអ្នកសិល្បៈមួយចំនួនក៏ស្ទើរទប់កំហឹងមិនជាប់ដោយសារតែ
ស្ត្រីម្នាក់បានយកកាំបិតទៅឆូតមុខក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ដោយសារតែកំហឹងខឹងក្មេងស្រីរងគ្រោះធ្វើអោយកូនប្រុសគាត់ ដែលគាត់អះអាងថាធំឡើងក្លាយជាតារា របួសផ្ទៃមុខដេរអស់មួយថ្នេរ។
អ្នកនាង ទ្រី ដាណា ដែលមានចិត្តសប្បុរស តែងជួយគេនោះ បានចេញមុខភ្លាម ដោយបានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកផេកផ្លូបការ របស់ខ្លួនដោយលើកឡើងថា៖
«ចិត្តជាម្ដាយ ពិតជាអាណិតក្មេងស្រីនេះណាស់ ខ្លោចចិត្ត យប់មិញបើកមកឃើញ រន្ធត់ចិត្ត យើងចេះស្រលាញ់កូនយើង គេក៏ចេះស្រលាញ់កូនគេដែរ ហេតុអីដាច់ចិត្តលើកដៃធ្វើបែបនេះ មិនដឹងថាក្មេងនេះ ឈឺចាប់យ៉ាងណា ម្ដាយឪពុកឈឺចាប់លើសនេះរាប់រយដង។
អរគុណ លោក ឧកញ៉ា ឌួង ឆាយ (ហ៊ានិងងចែ)យប់មិញ សន្យាថាជួយអ៊ុតមុខគាត់ក្រៅប្រទេស សង្ឃឹមថាគាត់អាចជាដូចដើមវិញ។ ថ្ងៃនេះ ខ្ញុំនឹងជួយជាកម្លាំងចិត្តបន្ថែមទៀត ដើម្បីឱ្យពួកគាត់កក់ក្ដៅ ហើយយល់ថានៅមានមនុស្សល្អៗច្រើនទៀតជុំវិញខ្លួន កុំឱ្យគាត់បាក់ទឹកចិត្ត »។
សូមជម្រាបផងដែរថា ហេតុការណ៏នេះបានកើតឡើងកាលពីរសៀល វេលាម៉ោង ២៖៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ២៦ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ៕