រ៉េត សុវណ្ណនាថ ដែលបងប្អូននិយមកីឡាបាល់ទះស្រុកខ្មែរស្គាល់គ្រប់ៗគ្នា ដែលល្បីរហស្សនាមថា ប្តូរចង្កេះលើអាកាសនោះ បានចូលរោងការ និង បញ្ចប់ភាពកំលោះរបស់ខ្លួនហើយ កាលពីថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ នៅភូមិពងទឹក ឃុំក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
ត្បិតតែរៀបអាពាហ៍ពិពាហ៍ហើយមែន តែរូបភាពនានាទើបតែត្រូវបានសាមីខ្លួនបញ្ចេញប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីទំនេរដៃពីពិធីដ៏ធំក្នុងជីវិតមួយនេះ ។
មិនតែប៉ុណ្ណោះកីឡាករបាតដៃឥតស្រមោលរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា សូមឱ្យមកប្អូននៅគាំទ្របន្តទៀត ព្រោះទោះបីជាមានប្រពន្ធក្តីក៏លោកនៅតែរក្សាកម្លាំងដើម្បីលេងកីឡានេះដដែល ។
គួររំឭកដែរថា ភរិយារបស់កីឡាករបាល់ទះរូបនេះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ក៏ប៉ុន្តែនាងត្រូវបានគេដឹងថាជាស្រីស្អាតប្រចាំខេត្តព្រៃវែងនេះ ដោយនាងធ្លាប់ជាប់លេខ ១ ជាបវរកញ្ញាឯកប្រចាំខេត្តព្រៃវែង កាលពីឆ្នាំ ២០១៩ កន្លងទៅ ៕