កូនជាកម្លាំងចិត្ត តារាស្រី ៥ រូបនេះ ស៊ូធ្វើការរកស៊ីទាំងពពោះ និង សរសៃខ្ចី

នៅក្នុងឆ្នាំ ២០២០ នេះ គេសង្កេតឃើញមានសិល្បករ សិល្បការិនីជាច្រើនបានរីករាយ និង ទទួលបានសុភមង្គលយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានក្លាយទៅជាឪពុកម្តាយ និង ខ្លះទៀតត្រៀមនឹងក្លាយជាឪពុកម្តាយរបស់កូនតូចៗផងដែរយ៉ាងណាមិញ

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកសព្វថ្ងៃតារាស្រី ៥ ដួង ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែតារាស្រីទាំង ៥ ដួងនេះ ខ្លះកំពុងតែពពោះកូនក្នុងផ្ទៃ និង ខ្លះទៀតទើបតែសម្រាលកូនរួច តែពួកគេហាក់សកម្មយ៉ាងខ្លាំងក្នុងការរកស៊ី និង ធ្វើការងារផ្សេងៗ

រហូតធ្វើឲ្យមហាជនមួយចំនួនមានការបារម្ភពីសុខភាពរបស់ពួកគេ ហើយមហាជនខ្លះទៀតក៏បានសរសើរពីទឹកចិត្តជាម្តាយ និង ជាភរិយាដែលខំប្រឹងប្រែង ក៏ព្រោះតែកម្លាំងចិត្តពីកូនតូចរបស់ខ្លួន ។ តារាស្រីទាំង៥ដួងនោះ មានដូចជា៖


១-តារាសម្តែង ម៉ាក សែនសូនីតា

ទើបតែបើកបង្ហាញពីដំណឹងល្អក្នុងការទទួលបានសមាជិកថ្មី ទោះមិនបានប្រាប់ពីអាយុពពោះនៅឡើយក្តី តែពោះ ម៉ាក សែនសូនីតា ហាក់ជាខ្ទាតធំបន្តិចហើយ ។ មិនត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញអនាគតអ្នកម្តាយវ័យក្មេងរូបនេះចាប់ផ្តើមសកម្មក្នុងការ live លក់ផលិតផលរបស់ខ្លួនរៀងរាល់ថ្ងៃក្នុងផេកផងដែរ


២-តារាកំប្លែង ខ្ញុង

គេសង្កេតឃើញតារាកំប្លែងរូបនេះ មមាញឹកក្នុងការរកស៊ី និង លក់ផលិតផលរបស់ខ្លួនតាមរយៈការ live fb តាំងពីនាងពពោះ រហូតដល់ថ្ងៃឆ្លងទន្លេ ។ មិនត្រឹមតែប៉ុណ្ណោះតារាកំប្លែង ខ្ញុង ចាប់ផ្តើម live លក់ផលិតផល និង ឡើងឆាកលេងកំប្លែងភ្លាមៗបន្ទាប់ពីនាងសម្រាលកូនបានត្រឹមតែប៉ុន្មានសប្តាហ៍

៣-Dj Nana

ជាបុគ្គលដែលមមាញឹករួចស្រេចទៅហើយ តាំងពីមិនទាន់រៀបការ រហូតដល់រៀបការរួច និង កំពុងពពោះ Dj Nana ហាក់កាន់តែមមាញឹកខ្លាំងបន្ថែមទៀត ស្របពេលដែលកូននៅក្នុងផ្ទៃមានអាយុជាង ៨ ខែហើយនោះ ។ តារាស្រីរូបនេះ ទទួលបានការងារជារៀងរាល់ថ្ងៃរហូតពេលកន្លងមកនាង បានសម្រាកនៅមន្ទីរពេទ្យរយៈពេល ២ ថ្ងៃ ដោយធ្វើការអស់កម្លាំងពេក


៤-តារាសម្តែង កុល ដាវី

ក៏ទើបតែបានបង្ហើបពីដំណឹងល្អទទួលបានសមាជិកថ្មីដូចគ្នា កុល ដាវី ក៏បានផ្អាកទទួលការសម្តែងខ្សែភាពយន្ត និង ការងារនានាក៏ពិតមែន ប៉ុន្តែតារារូបនេះ បានចំណាយពេលក្នុងអាជីពផ្សេងទៀតដែលពីយូរមកហើយនោះ គឺការ live លក់សម្លៀកបំពាក់ និង គ្រឿងអលង្ការផ្សេងៗនៅក្នុងផេករបស់ខ្លួនជារៀងរាល់ថ្ងៃដូចគ្នាដែរ ។


៥-តារាចម្រៀង អេនជី

អតីតតារាចម្រៀងសាន់ដេរូបនេះ គេបានដឹងថានាងមមាញឹកក្នុងការរកស៊ីតាំងពីមិនទាន់មានផ្ទៃពោះមកម្ល៉េះ ប៉ុន្តែបន្ទាប់ពីមានផ្ទៃពោះហើយក្តីក៏នាងនៅតែបន្តការរកស៊ីរបស់ខ្លួនដូចដើម

Leave a Reply