ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានជ្រាបដឹងហើយថា តារាសម្ដែង ត្រូវបានគេស្គាល់ថា រាជិនីក្រមា មាន សូនីតា ពេលឈានចូលវ័យរាងជ្រេបន្តិច ហាក់កាន់តែលេងខ្លួនខុសប្លែកពីពេលមុនៗ ហើយក៏តែងតែបញ្ចេញទស្សនៈជាច្រើនពាក់ព័ន្ធនឹងរឿងស្នេហា មុខជំនួញជាដើម។
ដោយឡែក កាលពីរសៀលម្សិលមិញនេះ តារាសម្ដែងមាន សូនីតា បានបង្ហាញទស្សនៈថា «មនុស្សមួយចំនួនត្រូវបានភាពមិនពិតប្រាកដដកហូតសតិ រហូតដល់ថ្នាក់ភ្លេចថាខ្លួនជាអ្នកណា ខ្លួនចង់បានអ្វី ហើយចាត់ថ្នាក់សេចក្តីសុខទៅក្នុងការសម្រេចចិត្តរបស់អ្នកដទៃ…»។
ក្នុងនោះដែរ នៅរសៀលថ្ងៃដដែលនោះ សូនីតា បានលើកឡើងពាក់ព័ន្ធនឹងកំហុសថា «កំហុសខ្លះនិយាយពាក្យសុំទោសមិនបានទេ…ហើយក៏មិនអាចត្រលប់មកដូចដើមវិញបានដែរព្រោះដល់ពេលវេលាដែលអ្នកបានអស់ឱកាសប្រើពាក្យ សុំទោស នេះហើយ !
រឿងខ្លះវាកើតឡើងលឿនពេកសឹងតែមិនអាចទទួលយក…»។យ៉ាងណាមិញ ក្រោយមក នៅយប់ថ្ងៃដដែលនោះ រាជិនីក្រមារូបនេះ បានបង្ហោះសារពាក់ព័ន្ធនឹងមេរៀនជីវិតថា «[ មេរៀនជីវិត …. ] គ្មានមនុស្សជោគជ័យឯណា៎ ល្អឥតខ្ចោះដោយគ្មានការបរាជ័យនោះទេ …
ជំនួសឱ្យការខិតខំប្រឹងប្រែងកសាងខ្លួនឯងក្លាយជាមនុស្សជោគជ័យម្នាក់ រៀនពីភាពបរាជ័យរបស់ខ្លួនឯងថា…នៅពេលដែលយើងបរាជ័យលើរឿងអ្វីមួយយើងតែងតែទទួលរងការរិះគន់ ការមាក់ងាយ ការវាយតម្លៃមិនចេះឈប់ឈរពីអ្នកដទៃ ហើយខំប្រឹងទោះជាយើងបរាជ័យក្រោមរូបភាពណាមួយក៏ដោយ
អ្វីដែលយើងគួរធ្វើមុនគេនោះគឺយើងមិនត្រូវបោះបង់ខ្លួនឯង ការតាំងចិត្ត និងជឿជាក់លើអ្វីដែលយើងគួរតែធ្វើ ទោះបីជាវាមានការលំបាកយ៉ាងណាក៏ដោយ មនុស្សដែលស្គាល់ខ្លួនឯងគឺជាមនុស្សដែលហ៊ានទទួលស្គាល់ការពិតគ្រប់យ៉ាង ហើយប្រាកដថ្ងៃណាមួយយើងនឹងទទួលបានជោគជ័យពិតប្រាកដ»៕ ប្រភព៖តារា
