ក្រោយផ្ទុះការរិះគន់ ណេន ថៃ ស្រាប់តែអតីតគ្រូបង្រៀនម្នាក់ ចេញមកនិយាយបែបនេះ!

ភ្នំពេញ៖ មួយរយៈនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង អំពីព្រះសង្ឃមួយអង្គ ព្រះនាម ណេនថៃ ដោយបានធ្វើឲ្យប្រិយមិត្តជាច្រើន នាំគ្នាចែករំលែក តាមរយៈកម្រងរូបភាពជាច្រើនសន្លឹកស្អាតៗ កន្លែងប្លែកៗ និងបង្ហាញសាច់ដុំដ៏ទាក់ទាញរបស់ព្រះអង្គ ជាមួយនិងការដាក់ចំណងជើង ពាក្យសរសើរយ៉ាងទាក់ទាញផ្សេងៗផងដែរ។

យ៉ាងណាមិញ ក្រោយមានការចែករំលែក ពេញបណ្ដាញសង្គមជាច្រើន បានធ្វើឲ្យមហាជនមួយចំនួន មានការមិនពេញចិត្តផងដែរ ដោយលើកហេតុផលថា ឋានៈជាសង្ឃគឺមិនគួរធ្វើរឿងបែបនេះនោះទេ ដែលជាហេតុធ្វើឲ្យមានការខូចខាតដល់វិន័យនៃព្រះពុទ្ធសាសនាមួយកម្រិតដែរ។

បន្ទាប់ពីមានការរិះគន់ធ្ងន់ៗ ពីការលើកឡើងរបស់មហាជនយ៉ាងដូច្នេះ ក៏ស្រាប់តែមាន គណនីហ្វេសប៊ុកមួយ ដែលបានអះអាងថា ធ្លាប់ជាអតីតគ្រូបង្រៀនរបស់ ណេនថៃ ដែលលោកបាននិយាយលើកសរសើរអំពីអំពើល្អៗរបស់ ណេន នាពេលកន្លងមកថា៖

កាលឆ្នាំ ២០១៣ ខ្ញុំធ្លាប់បង្រៀន ប្រវត្តិសាស្ត្រ និងអង់គ្លេសតេជគុណថៃ។ លោកខិតខំ រៀនសូត្រណាស់ តេជគុណ ក៏ជាអ្នកចិត្តបុណ្យណាស់ដែរ តែង តែ បរិចាគឈាម នៅពេលមានកម្មវិធី សុំឲ្យមានការបរិចាគឈាម។

រហូតដល់ ពេលដែល តេជគុណរៀននៅថ្នាក់ អនុបណ្ឌិត តេជគុណ ក៏តែងតែចូលរួមជាមួយក្រុម យុវជនក្នុងការជួយបង្ហាត់បង្រៀនច្បាប់ ដល់សិស្សតាមវិទ្យាល័យ និងតាមក្រុមផ្សេងៗ ចែករំលែកចំណេះដឹងពីច្បាប់ ដោយត្រូវចំណាយពេល និងកម្លាំងមួយថ្ងៃៗ និមន្តរាប់គីឡូដីដោយថ្មើជើង ជួនកាលក៏ជិះម៉ូតូឌុប។

លោកប្អូនថៃ ក៏ជាព្រះសង្ឃចូលចិត្តរៀនអភិធម្មណាស់ដែរ។ រឿងទាំងនេះ មិនបានធ្វើឲ្យលោកប្អូនល្បីទេ តែលោកប្អូនល្បីព្រោះតែរូបរាងកាយសម្បត្តិទៅវិញ។ ជាធម្មតាទេ មនុស្សបានរូបសង្ហារស្អាត តើនរណាមិនពេញចិត្តចំពោះខ្លួនឯង? ពេលខ្លះ យើងមិនសូវស្អាតផង ក៏ចង់បង្អួតគេខ្លះដែរ។

លោកប្អូនផុស អញ្ចឹង វាគ្រាន់តែជា ការមិនសមរម្យនោះទេ ព្រោះលោកប្អូនជាងសង្ឃ មិនសមភ្នែកបរិស័ទ ប៉ុន្តែមិនមែនជាកំហុសធំនោះទេ។ លោកប្អូនចាំថា “អំពើល្អរបស់យើងធ្វើដំណើរយឺតណាស់ ឬរហូតគ្មានអ្នកដឹង ឬបើដឹងហើយក៏មិនសូវមានអ្នកជួយផ្សាយដែរ។

ប៉ុន្តែចំណុចមិនសមវិញ បើទោះបីជាមិនធំដុំ ក៏ហាក់ដូចជាធ្ងន់ធ្ងរណាស់ និងត្រូវបានគេនាំគ្នាធ្វើឲ្យគគ្រឹកគគ្រេង អឹងកងរំពង ធំជាងរឿងទឹកដីទៅទៀត”។ កូណា ចាំពាក្យលោកគ្រូ ធ្លាប់មានសង្ឃដិការថា “លោកសង្ឃ ងាយគេរិះគន់ណាស់ ព្រោះយើងគ្មានឥទ្ធិពល ធ្វើហានិភ័យដល់អ្នករិះគន់ទេ។

យើងមិនមែនជាអ្នកធំមានអំណាច បើទោះជាខុសក៏គេខ្លាចមិនហ៊ានរិះគន់នោះទេ”។ហេតុនេះ លោកប្អូន គួរប្រុងប្រយ័ត្ន និងម្យ៉ាងទៀតមនុស្សភាគច្រើនណាស់ដែលចូលចិត្តកាត់ក្តី វិន័យសង្ឃតាមការយល់ឃើញរបស់ខ្លួន ជាងកាត់ក្តីតាមវិន័យរបស់ព្រះ។

រឿងនិមន្តដើរលេង ច្បាស់ណាស់ថា មនុស្សចូលចិត្តផុសរូបខ្លួនឯង និងកន្លែងស្អាត។ យូរៗបានចេញក្រៅម្តងតំបន់ស្អាតហើយ ប្រាកដជាថតច្រើនហើយ កម្រមានអ្នកថតក្នុងបង្គន់អាចម៍ណាស់។

យ៉ាងណាមិញ ចំពោះរឿងនេះ យើងក៏មិនទាន់អាចវិនិច្ឆ័យ ថានេះជារឿងបែបណានោះដែរ តែបើតាមការសង្កេតឃើញ ក៏មានមហាជនមួយចំនួនធំ ក៏បានពេញចិត្ត និងគាំទ្រ នូវអ្វីដែលបុគ្គលម្នាក់នេះនិយាយច្រើនផងដែរ៕

Leave a Reply