ពិតជាលើកមុខមាត់ប្រទេសជាតិមែន! យុវសិស្សកម្ពុជាម្នាក់ ឈ្នះមេដាយមាស និងប្រាក់ចំនួន១១ ក្នុងការប្រកួតជើងឯក World Scholar’s Cup នៅអូស្ដ្រាលី និងសហរដ្ឋអាមេរិក…(មានវីដេអ)

(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយ នៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលយុវសិស្សម្នាក់វ័យ ១៤ឆ្នាំ ឈ្មោះ សុខុម តារារចនា សិក្សាថ្នាក់ទី១០ បានឈ្នះមេមាស និងមេដាយប្រាក់ចំនួន១១ ក្នុងការប្រកួត World Scholar’s Cup Competition ដែលទើបបញ្ចប់នាពេលថ្មីៗនេះ នៅសាកលវិទ្យាល័យយែល (Yale University) សហរដ្ឋអាមេរិក។


ការប្រកួតនេះ ធ្វើឡើងក្រោមប្រធានបទ «ពិភពលោកលើដែនកំណត់អតិបរមា ឬពិភពលោកក្នុងស្ថានភាពតឹងតែង (World on the Margins)» ដែលមានសិស្សានុសិស្សប្រមាណ១,៥០០នាក់ មកពី ៨២ប្រទេសជុំវិញពិភពលោក។ យុវតី សុខុម តារារចនា គឺជាកូនស្រីរបស់លោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS។


World Scholar’s Cup Competition ត្រូវបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញសិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីលើកម្មវិធីសិក្សា នៅតាមសាលារៀន ព្រមទាំងផ្តល់ឱកាសឲ្យពួកគេបង្ហាញគំនិត បញ្ញា ព្រមទាំងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេ ក្នុងពេលបច្ចុប្បន្ន។


ក្រោយមកដល់ប្រទេសកម្ពុជាភ្លាម យុវតី សុខុម តារារចនា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការនៃការប្រឡើង គឺជម្រុះលើកទី១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដោយខ្លួនទទួលបានមេដាយប្រាក់១ ទើបអាចចូលរួមប្រកួត ជម្រុះលើកទី២ នៅ KINCOPPAL ROSE BAY SCHOOL ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបាន មេដាយមាស១ និងប្រាក់ចំនួន១។


ថ្លែងទាំងទឹកមុខសប្បាយរីករាយ និងពោរពេញដោយមោទនភាពនោះ យុវតី សុខុម តារារចនា បានបញ្ជាក់ទៀតថា បន្ទាប់ពីប្រកួតនៅប្រទេសអូស្ដ្រាលី ខ្លួនបានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើនៅសាកលវិទ្យាល័យយែល (Yale) សហរដ្ឋអាមេរិច កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗកន្លងទៅនេះ ដោយទទួលបានជ័យលាភីមេដាយមាសចំនួន២ លើវិញ្ញាសា Writing និងវិញ្ញាសា Special Area (Special subject) និងមេដាយប្រាក់ចំនួន៧។


សរុបមក យុវតី សុខុម តារារចនា បានឈ្នះមេដាយមាសចំនួន៣ និងមេដាយប្រាក់ចំនួន៩ ពីការប្រកួត World Scholar’s Cup ២០១៩ ដែលនេះបានសរបញ្ជាក់ ពីសមត្ថភាពចំណេះដឹង របស់កូនខ្មែរ ក៏ដូចជាជោគជ័យ នៃវិស័យអប់រំនៅកម្ពុជា ដែលយុវសិស្សមានសមត្ថភាពដណ្តើមបានមេដៃមាសកម្រិតពិភពលោក។

បន្ទាប់ពីបង្ហាញនូវអារម្មណ៍រីករាយ យុវតី សុខុម តារារចនា បានបញ្ជាក់នូវសេចក្តីដឹងគុណដល់អ្នកមានគុណទាំងពីរលោកឪពុក ស្តើង សុខុម និងអ្នកម្តាយ ស ឃុនដារ៉ា, លោកយាយ លោកតា បងប្អូន លោកគ្រូ-អ្នកគ្រូ ដែលតែងតែអប់រំទូន្មានប្រៀនប្រដៅឲ្យប្រតិបត្តិអំពើល្អ ខិតខំសិក្សារៀនសូត្រ និងតែងតែជួយ ផ្តល់កម្លាំងចិត្តដល់កូនជារៀងរហូតមកជាពិសេសផងដែរ ចំពោះបងប្រុស សុខុម តារាឫទ្ធី និងអ្នកម្តាយ ដែលបានរួមដំណើរផ្តល់ភាពកក់ក្តៅ ទៅចូលរួមការប្រកួតនេះ។

លើសពីនេះ យុវតី សុខុម តារារចនា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ ទាំងអក្សរសាស្រ្តជាតិ វិទ្យាសាស្រ្ត និងភាសាបរទេសផង ដើម្បីជាស្ពានចម្លងធ្វើឲ្យយើងមើលឃើញពិភពលោកនៅជិតៗយើង និងឈានទៅរៀនសូត្រស្វែងយល់ពិភពលោកខាងក្រៅ សម្ដៅកសាងសមត្ថភាពឲ្យបានល្អឆ្នើមរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រោយការប្រកួតប្រជែងបានទទួលជោគជ័យ យុវតី សុខុម តារារចនា ក៏បានឆ្លៀតពេលទស្សនកិច្ចសិក្សាស្វែងយល់បន្ថែម នៅសាកលវិទ្យាល័យហាវើត, ចូលរៀនសាកល្បងនៅ Forest ridge school of the sacred heart (High School) ទីក្រុងស៊ីអាតធល (Seattle) រដ្ឋវ៉ាស៊ីតោន, ទស្សនាក្រុមហ៊ុនផលិតយន្តហោះប៊ូអីង, ក្រុមហ៊ុន Microsoft, ទស្សនាទីក្រុងមួយចំនួនទៀត នៃប្រទេសមហាអំណាចដូចជាទីក្រុងប៊ូស្តុន, ទីក្រុងញ៉ូយក, រដ្ឋធានីវ៉ាស៊ីនតោន, ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ, ទីក្រុងឡុងប៊ិចជាដើម។


ជាមួយគ្នានេះ លោកស្រី ស ឃុនដារ៉ា ដែលជាម្ដាយបង្កើតរបស់យុវតី សុខុម តារារចនា ក៏បានបង្ហាញនូវមោទនភាពផងដែរ នៅពេលកូនស្រីមានសមត្ថភាពខ្ពស់ រហូតឈ្នះបានមេដាយមាស និងមេដាយប្រាក់ នៅប្រទេសអូស្ដ្រាលី និងសហរដ្ឋអាមេរិក។ លោកស្រីមើលឃើញថា បច្ចុប្បន្នវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាពខ្ពស់ ជាក់ស្ដែងដូចកូនរបស់លោកស្រីផ្ទាល់ ជាសិស្សរៀននៅរាជធានីភ្នំពេញ ប៉ុន្ដែអាចឈានជើងចូលប្រកួតនៅបរទេសបានជោគជ័យ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply