ធ្ងន់ករហើយ! អាមេរិកជួបគ្រោះធំ ក្នុងមួយថ្ងៃមានអ្នកឆ្លង កូវីដ-១៩ ចំនួន ៦០,០០០នាក់ ដែលហួសពីការគិត

អាមេរិក៖ សហរដ្ឋអាមេរិកទើបតែបំបែកកំណត់ត្រាថ្មីមួយទៀត នោះគឺការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅជាង ៦០,០០០នាក់ នៅក្នុងពេលតែមួយថ្ងៃដែលជាអត្រាឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុនមកឡើយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

ការផ្ទុះចំនួនអ្នកឆ្លងកើនឡើងវិញ និងត្រូវបានចាត់ទុករួចទៅហើយថា ជាការផ្ទុះជំងឺ COVID-19 រលកទី ២ នៅអាមេរិកពេលនេះ ត្រូវបានគេមើលឃើញថា បណ្តាលមកពីការបើកទ្វាររដ្ឋនានាឡើងវិញលឿនពេក និងជាពិសេសនោះគឺបាតុកម្មផ្ទុះស្ទើរទូទាំងប្រទេស ចាប់តាំងពីចុងខែឧសភា។

បច្ចុប្បន្ន នៅក្នុងទឹកដីអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប២.៩៩៦.០៩៨នាក់ ក្នុងនោះមានអ្នកស្លាប់១៣១.៤៨០នាក់ នៅទូទាំង៥០រដ្ឋ ក្នុងទឹកដីអាមេរិក។ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ កាន់តែច្រើនឡើងៗនេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ បានរងការថ្កោលទោសយ៉ាងខ្លាំងពីប្រជាពលរដ្ឋអាមេរិក ក្រោយពីលោកបានសម្រេចដកអាមេរិក ពីអង្គការសុខភាពពិភពលោក ខណៈដែលពលរដ្ឋអាមេរិក កំពុងប្រឈមនឹងបញ្ហាសុខភាពកាន់ធ្ងន់ធ្ងរទៅៗ។

លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក បានហៅការដកអាមេរិក ចេញពីអង្គការWHO របស់លោកត្រាំ គឺជា «សកម្មភាពឆ្កួតលេលា» ។ ចំណែកបេក្ខភាពប្រធានាធិបតី ចូ បៃឌិន បានប្រកាសថា បើលោកជាប់ឆ្នោតជាប្រធានាធិបតី ការងារដំបូងដែលត្រូវធ្វើ គឺដាក់អាមេរិក ចូលក្នុងអង្គការសុខភាពពិភពលោកវិញ៕

Leave a Reply