ភ្នំពេញ ៖ អ្នកនាង គង់ ចាន់ស្រីមុំ បើទោះបី ពុំសូវលេចមុខចេញសម្ដែង ដូចកាលពីមុនយ៉ាងណាក្ដីក៏មហាជន ជាច្រើននៅតែចាប់អារម្មណ៍ តាមរយៈសកម្មភាពរស់នៅប្រចាំថ្ងៃ របស់អ្នកនាងផ្ទាល់ រួមនឹងគ្រួសារផងដែរ។
ជាក់ស្ដែងថ្ងៃនេះផងដែរ ជាថ្ងៃខួបកំណើតកូនស្រីជាទីស្រឡាញ់របស់ខ្លួនឈ្មោះ គឹម សីហ៍មរកត ហៅថា «ម៉ូម៉ូ»គម្រប់២ឆ្នាំ, អ្នកនាងគង់ ចាន់ស្រីមុំ បានរៀបចំតុបតែងពិធី យ៉ាងស្រស់ស្អាត អមដោយនំខេកយ៉ាងធំ ហើយបង្ហោះរូបថត៣នាក់ ឪពុកម្ដាយកូន យ៉ាងទាក់ទាញ ជាមួយនឹងទឹកមុខញញឹម ចូលទៅក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាម និងហ្វេសប៊ុក។
បង្ហោះសារអមដោយរូបភាពយ៉ាងស្រស់ស្អាតទាំងនេះ គង់ ចាន់ស្រីមុំ បានសរសេរថា «រីករាយថ្ងៃខួបកំណើតព្រះនាងកូន តើអ៊ំ ពូ មីង មានអ្វីជូនពរអូនទេចា៎ Happy birthday my little princess kem seimorokot momo»។
ជាមួយនឹងការស្នើសុំបែបនេះ អ្នកគាំទ្រអ្នកនាង បានបញ្ចេញមតិជាការជូនពរដូច្នេះថា «ជូនពរmomoឲ្យកាន់តែស្អាតឆ្លាត និង សុខកាភាពល្អ។ «ខួបកំណើត MoMo ទេ តែកុំមើល style Mommy»។ «មើលទៅ មានសុភមង្គលខ្លាំងណាស់បងជូនពរ អោយក្មួយរៀនពូកែ ធំឡើងធ្វើជាក្មេងល្អរបស់ម៉ាក់ប៉ា»…។
គួរបញ្ជាក់ថា អ្នកនាង គង់ ចាន់ស្រីមុំ និងលោកគឹម សីហា បានចូលរោងការ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ក្រោមទឹកមុខរំភើបរីករាយគ្មានអ្វីផ្ទឹមជាមួយវត្តមានភ្ញៀវកិត្តិយស ដែលភាគច្រើនជាអ្នកសិល្បៈនោះ។ ពិធីមង្គលការនេះ មានភ្ញៀវចូលរួមប្រមាណ៥០តុឯណោះ ដោយបានប្រព្រឹត្តិទៅ នៅឯសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភោគីត្រា ភ្នំពេញ។
ក្រោយរៀបការ តារាស្រីរូបស្រស់ អ្នកនាងគង់ ចាន់ស្រីមុំ ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ និង បានធ្វើការវះកាត់សម្រាលដោយជោគជ័យ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដោយដាក់ឈ្មោះថា គឹម សីហ៍មរកត ហៅថា «ម៉ូម៉ូ»៕
