ភ្នំពេញ ៖ ក្រោយពីមានការលែងលះគ្នាអស់រយៈពេលជាយូរជាមួយអតីតប្ដីលោកយុត្ថារ៉ា ឆានី នោះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ តារាសម្ដែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយពីទំនាក់ទំនងគ្រួសារខ្លួន ជាមួយអតីតប្ដីរូបនេះ ដូចជាបងប្អូនអញ្ចឹង។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនអមដោយរូបភាពបង្ហាញពីទំនាក់ទំនងរវាងគ្រួសារអ្នកនាង ជាមួយអតីតប្ដីបែបនេះថា «ព្រោះតែមានសន្តិភាពនៃជីវិតលែងលះ ទើបគ្រួសារទាំងសងខាងរបស់ពួកខ្ញុំនៅរាប់អានគ្នាដូចបងប្អូន»។
ប្រធានសមាគមសិល្បករខ្មែរជិតផុតអាណត្តិរូបនេះ បានបន្តថា « សូមបញ្ឈប់ទង្វើភាពជាសត្រូវរបស់គ្រួសាររបស់ខ្លួនយកមកសាបព្រួសលើគ្រួសារពួកខ្ញុំ យ៉ាងណាក៏កូនខ្ញុំ និង កូនគាត់មានឈាមឪពុកតែមួយ ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯង ចង់អោយពួកគាត់ស្រលាញ់ យកចិត្តទុកដាក់ មើលថែគ្នា ព្រោះតែឈាមឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ បានសម្រេចប្រកាសសាល ក្រមលែងលះ ជាផ្លូវការ រវាងបណ្ដឹងលែង ប្ដីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា នៅចំពោះមុខ មេធាវី អ្នកនាង ក្រោយពីពួកគេរស់នៅមិនចុះសម្រុងនឹងគ្នានោះ៕
