ខេត្ដត្បូងឃ្មុំ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងក្រោយ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បានទទួល ជោគជ័យក្នុងការចិញ្ចឹមកង្កែបយកសាច់តាមបែបបច្ចេកទេសកសិកម្ម ដែលធ្វើឱ្យជីវភាពរស់របស់ពួកគាត់កាន់តែធូរធារជាងមុន និងបានជួយបង្កើនចំណូលបន្ថែមទៀតនៅក្នុងគ្រួសារ។
ដោយឡែក អ្នកស្រី ខុម ចាន់ថុល ដែលជាសមាជិកក្រុមកែលម្អជីវភាព នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ទទួលបានជោគជ័យខ្លាំងក្នុងការចិញ្ចឹមកង្កែបយកសាច់ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស ពីមន្ត្រីបច្ចេកទេស នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ជាលទ្ធផល កង្កែបក្រោយចិញ្ចឹម រយៈពេល ៤០ថ្ងៃមានការធំធាត់រហ័ស គឺកង្កែបចំនួន ៧ក្បាល ស្មើនឹង១គីឡូក្រាម ដែលធ្វើឱ្យមានចំណាប់អារម្មណ៍ទៅដល់កសិករផ្សេងទៀត នៅក្នុងមូលដ្ឋានយ៉ាងខ្លាំង និងមានការអនុវត្តតាមចំនួន ៥គ្រួសារ ដោយចាប់ផ្តើមជាមួយនឹងកូនកង្កែបចំនួន ៨ ០០០ក្បាល។
ក្នុងនោះដែរ លោក ជៀង សារិទ្ធ ប្រធានសម្របសម្រួលកសិកម្ម នៃគម្រោងTSSD-AF និងជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ របរចិញ្ចឹមកង្កែបហាក់មានការពេញនិយមច្រើន ដោយឃើញមានកសិដ្ឋានចិញ្ចឹមកង្កែបជាហូរហែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក ហើយការចិញ្ចឹមត្រឹមតែរយៈពេលតែ២ ទៅ ៣ខែប៉ុណ្ណោះអាចប្រមូលផលលក់នៅលើទីផ្សារបាន។
យ៉ាងណាមិញ លោកបានណែនាំនិង ចែករំលែកនូវបទពិសោធន៍មួយចំនួនជូនដល់កសិករចិញ្ចឹមកង្កែបយកសាច់ ត្រូវជ្រើសរើសទីតាំងរៀបចំធ្វើអាង ដាក់កង្កែប ចិញ្ចឹមឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជ្រើសរើសពូជកូនកង្កែប ដែលមានសុខភាពល្អក្នុងចន្លោះអាយុប៉ុន្មាន ៣០ ទៅ ៤០ថ្ងៃ ផ្ដល់ចំណីដែលមានកម្រិតជាតិសាច់គ្រប់គ្រាន់ឱ្យបានទៀងទាត់ និងថែទាំអនាម័យឱ្យបានស្អាតជាប្រចាំដោយប្ដូរទឹក ២ ទៅ ៣ដងក្នុងមួយថ្ងៃ។ជាក់ស្តែង លោកបានបន្ថែមថា ប្រសិនបើមានបញ្ហាហើមពោះ ឬរលាកត្រូវព្យាបាល ដោយថ្នាំផ្សំពីធម្មជាតិ តាមមេរៀនពីលោកគ្រូកសិកម្ម។
លោកបានអះអាងថា ក្នុងការចិញ្ចឹមកង្កែបតាមបច្ចេកទេសបំប៉នកង្កែបយកសាច់ ចំនួន ១ពាន់ក្បាល អាចរកប្រាក់ចំណេញបានប្រមាណ ៦០ម៉ឺនរៀល ទៅ ៨០ម៉ឺនរៀល ក្នុងរយៈពេលពីរខែកន្លះ ទៅ ៣ខែផងដែរ៕ ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ