សូមប្អូនៗត្រៀមខ្លួន! សប្ដាហ៍នេះក្រសួងនឹងប្រកាសកាលបរិច្ឆេទ នៃការបើកសាលារៀនវិញ…

ក្រោយបិទសាលាមួយរយៈធំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ពេលនេះក្រសួងចាប់ផ្ដើមគិតគូរឡើងវិញចំពោះការបើកសាលាវិញហើយ ។ ដោយក្នុងនោះការបើកដំណើរការត្រូវធ្វើឡើងជា ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ ក្រសួងនឹងប្រកាសនៅអំឡុងសប្ដាហ៍នេះ ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់មកកាន់ «ប្រជាប្រិយ» កាលពីថ្មីៗកន្លងទៅនេះ ។ ការបើកសាលាទាំង ៣ ដំណាក់កាលនឹងត្រូវធ្វើឡើងដូចខាងក្រោមនេះ៖

ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា ។ សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និង កត្តាសង្គម-សេដ្ឋកិច្ច ។

ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។ ក្រសួងអប់រំ យុវជន និងកីឡានឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕

October 30, 2013 – Teabanh Komrou Primary School (Siem Reap). Students line up before the beginning of the morning classes. © Thomas Cristofoletti / Ruom for UNICEF

Leave a Reply