ចិននឹងធ្វើសមយុទ្ធគគ្រឹកគគ្រេងនៅសមុទ្រចិន ចំណុចប្រជុំកោះប៉ារ៉ាសែល, វៀតណាមខឹងតូង ហៅតំបន់នោះថា សមុទ្រវៀតណាម បើចិនចង់ធ្វើអី ត្រូវសុំការអនុញ្ញាតពីវៀតណាមសិន!

(អន្តរជាតិ)៖ វៀតណាម និង ហ្វីលីពីន នៅថ្ងៃទី២ ខែមិថុនា បានរិះគន់ការធ្វើសមយុទ្ធយោធា របស់ចិនក្នុង តំបន់ជម្លោះ នៃ សមុទ្រចិនខាងត្បូង ដោយព្រមានថា វាអាចបង្កភាពតានតឹង ក្នុងតំបន់ និង ប៉ះពាល់ដល់ ទំនាក់ទំនងប៉េកាំង ជាមួយប្រទេសជិតខាងខ្លួន។ បន្ថែមពីប្រទេសជម្លោះក្នុងសំណុំរឿងដែនទឹកនេះ ក្រុងវ៉ាស៊ីនតោន ឯណោះ បានបង្ហាញក្តីព្រួយបារម្ភជុំវិញទង្វើចិននេះ ហើយ អះអាងថា នឹងបង្កអស្ថិរភាពកាន់តែខ្លាំងក្នុងតំបន់។(វីដេអូជក់ចិត្តនៅក្រោម)

សមយុទ្ធយោធាចិន ដែលគ្រោងធ្វើឡើងរយៈពេល៥ថ្ងៃបានចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា នៅក្បែរប្រជុំកោះ ប៉ារ៉ាសែល (Paracel) ដែលចិន និងវៀតណាមទាមទារដូចគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរសមុទ្រចិន កាលពីថ្ងៃទី២៧ ខែមិថុនា។

មួយថ្ងៃក្រោយសមយុទ្ធយោធានេះ ចាប់ផ្ដើមក្រសួងការបរទេសវៀតណាមបានហៅសមយុទ្ធនេះជា«ការបំពានដែនអធិបតេយ្យវៀតណាមធ្ងន់ធ្ងរ» ហើយអាចជះឥទ្ធិពលអាក្រក់លើទំនាក់ទំនងរដ្ឋាភិបាលក្រុងប៉េកាំង ជាមួយអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters ដោយដកស្រង់កំណត់ទូតវៀតណាមផ្ញើទៅភាគីចិន។

ការទាមទាររបស់វៀតណាម គឺផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ទាក់ទិនបញ្ហានេះ ក្រសួងការបរទេសវៀតណាម សង្កត់ធ្ងន់ថា រាល់សកម្មភាពនានាក្នុងតំបន់ សមុទ្រវៀតណាមនេះ ត្រូវតែទទួលការអនុញ្ញាតពីភាគីវៀតណាមដូចមានចែងក្នុងអនុសញ្ញាUN។

ទោះបីគ្មានទាមទារ ចំណែកអ្វីក្នុងប្រជុំកោះប៉ារ៉ាសែល រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានរិះគន់ចិនក្នុងវេទិកាសន្តិសុខមួយ ថាការធ្វើសមយុទ្ធយោធាក្នុងតំបន់ជម្លោះនេះ គឺហួសព្រំដែនទឹកខ្លួន ហើយនេះ គឺជាអំពើបង្ករឿង និងមិនអាចទទួលយកបានឡើយ។

មែនទែនទៅរដ្ឋាភិបាលក្រុងហាណូយ និងក្រុងម៉ានីល គឺជាប្រទេសទាមទារ ដែលហ៊ានរិះគន់ចិនខ្លាំងៗ ដោយពួកគេមើលឃើញថា ចិនបន្តពង្រីកដែនឥទ្ធិពលខ្លាំងជ្រុលក្នុងសមុទ្រចិនខាងត្បូង ហើយបំពានព្រំដែនដែលមានចែងក្នុងច្បាប់សមុទ្រអន្តរជាតិ។

ដោយផ្អែកលើយុត្តាធិការប្រវត្តិសាស្ត្រចិនទាមទារជាង៨០ ភាគរយ នៃសមុទ្រនេះ។ ក្រៅពីវៀតណាម និង ហ្វីលីពីន ប្រជាជាតិផ្សេងទៀត ដែលទាមទារចំណែក ពួកគេក្នុងសមុទ្រចិនខាងត្បូង គឺមានដូចជា ព្រុយណេ ម៉ាឡេស៊ី និង កោះតៃវ៉ាន់។ សហរដ្ឋអាមេរិក ដែលពុំមែន ជាប្រទេសជម្លោះក្នុងសមុទ្រចិនខាងត្បូង បានបង្ហាញកង្វល់ពាក់ព័ន្ធ នឹងសកម្មភាពយោធារបស់ចិនលើក នេះដែរ។

ក្រសួងការពារជាតិអាមេរិក បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖« ការរៀបចំសមយុទ្ធយោធា ក្នុងដែនដីជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង និងរក្សាស្ថិរភាព(តំបន់)»។

កន្លងទៅអាមេរិកបានចោទចិនថា ធ្វើយោធូបនីយកម្មក្នុងសមុទ្រចិនខាងត្បូង ហើយព្យាយាមសម្ញែងសាច់ដុំ ដើម្បីសម្លុតប្រទេសជិតខាងខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលហ៊ានទាញយកធនធានធម្មជាតិក្នុងសមុទ្រនេះ ។

សមុទ្រចិនខាងត្បូង ដែលជាតំបន់សម្បូរធនធានធម្មជាតិ និងផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹក គឺជាអាទិភាព យុទ្ធសាស្ត្រគោលមួយសម្រាប់ចិន។ តាំងពីដើមឆ្នាំ២០១៥មក ចិនបានសាងសង់កោះសិប្បនិម្មិតចំនួន៧ ក្នុងប្រជុំកោះSpratly និងធ្វើទំនើបកម្មលើកងទ័ពជើងទឹករបស់យោធា ដែលផ្ដោតសំខាន់លើការពង្រឹង វត្តមានខ្លួនក្នុងតំបន់ជម្លោះនេះ។

ក្រៅពីចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង វៀតណាម ដែលទាមទារដែនអធិបតេយ្យក្នុងសមុទ្រ ចិនខាងត្បូង ឥណ្ឌូណេស៊ី ដែលពុំមែនជា ប្រទេសទាមទារក៏មានជម្លោះដាច់ដោយឡែកជាមួយប៉េកាំង ជុំវិញផ្នែកនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន(EEZ)។ រឿងដែលប៉ះពាល់ប្រយោជន៍រដ្ឋាភិបាលហ្សាការតា នៅត្រង់ចំណុចថា ចិនទាមទារទឹកដីតាមបន្ទាត់៩ឆ្នូត (Nine-dash line) ដែលយកជាកម្មសិទ្ធិ ដែនទឹកស្ទើរ ទាំងស្រុងក្នុងតំបន់សមុទ្រចិនខាងត្បូង រាប់ទាំងផ្នែក នៃ EEZ របស់ឥណ្ឌូណេស៊ី៕

សូមទស្សនាវីដេអូនខាងក្រោមនេះ

Leave a Reply