អីយ៉ា! ស្រឡាញ់​គ្នា​សរុប​១០​ឆ្នាំ ​ឆាយ វីរៈយុទ្ធ ​បង្ហោះ​សារ​យ៉ាង​ចាក់ដោត​ សួរ​ទៅកាន់​អ្នក​គាំទ្រ

ភ្នំពេញ ៖ ​តារា​ចម្រៀង​ល្បីឈ្មោះ​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​សាន់ដេ ​លោក​ ឆាយ វីរៈយុទ្ធ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា​របស់​ខ្លួន ​ធ្វើ​ឲ្យ​អ្នក​គ្មាន​គូ​ ជ្រួលច្របល់​ ចង់​បាន​សុភមង្គល​គ្រួសារ​ដូច​ទៅ​នឹង​Idol​របស់​ពួកគេ​ផងដែរ។

ជាក់ស្ដែង​ ​នៅ​ព្រឹក​នេះ ​តារា​ចម្រៀង​មាន​ដើម​កំណើត​ពី​ខេត្ត​កំពង់ចាម​លោក​ឆាយ វីរៈយុទ្ធ ​​បាន​បង្ហោះ​រូប​ថត​ផ្អែមល្ហែម​ជាមួយ​ភរិយា​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ អម​ដោយ​សំណួរ​ចាក់ដោត​ទៅកាន់​អ្នក​គាំទ្រ​​​ថា «មើលចិត្តគ្នារយៈពេល៦ឆ្នាំ រៀបការរយៈពេល៣ឆ្នាំ សរុបមកពួកយើងស្រលាញ់គ្នាបាន៩ឆ្នាំហើយ ចុះ​គូ​ស្នេហ៍​របស់​អ្នក​វិញ? ចុះ​អ្នក​អត់​ទាន់​មាន​គូ ចាំ​អង្កាល់?»។

ជា​ចម្លើយ​ពី​អ្នក​គាំទ្រ​របស់​លោក​នោះ ​​អ្នក​ខ្លះ​ក៏​ស្រឡាញ់​គ្នា​សរុប​ច្រើន​ជាង​Idol​របស់​ពួកគេ​ទៅ​ទៀត ​ហើយ​អ្នក​ខ្លះ​ក៏​មិន​ទាន់​មាន​គូ ​អ្នក​ខ្លះ​ទៀត ​ទើប​តែ​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ឆាយ ​វីរៈយុទ្ធ ​បាន​​​រៀប​អាពាហ៍ពិពាហ៍​​​បង្កើត​ជីវិត​គ្រួសារ ជាមួយ​នឹង​កូន​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​ដ៏​ធំ​នៅ​ទឹកដី​ខេត្ត​កំពង់ចាម កញ្ញា សែ ចាន់ឌី ​​ដោយ​ពិធី​នោះ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក ​នៅតាម​បណ្តាយ​ផ្លូវជាតិ​លេខ ៦A ស្ថិត​នៅ​ក្នុង ភូមិ​តាសែន ឃុំ​សុទិប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ពោល​គឺ​នៅ​ទីលាន​ដី​ដ៏ធំ​របស់​ថៅកែ​ស្រូវ លោក ហាក់ សែ ដែល​ជា​ឪពុកក្មេក​របស់​លោក ឆាយ វីរៈយុទ្ធ។

នៅ​ចំពោះមុខ​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ចំនួន ២០០ តុ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ខាង​ស្រី និង​សុទ្ធសឹង​ជា​អ្នកជំនួញ ខណៈ​ភ្ញៀវជា​អ្នកសិល្បៈ​រួម​អាជីព ដូចជា លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញាសុខ ស្រីនាង លោកមាស សាលី លោក ហេង ឡុង លោកប៉ែន ចំរ៉ុង លោក ដួង វីរៈសិដ្ឋ លោក អ៊ី ណូ នាយ កុយ នាយ ចាប ចៀន និង អ្នកនាង ខាត់ សុឃីម​ជាដើម។ ក្នុងនោះក៏ឃើញវត្តមានចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ផង​ដែរ។

ពេល​នោះ​ កូន​កំលោះ​ជាតារា​ចម្រៀង​ល្បី​​រូប​នេះ ​ក៏​បាន​សារភាព​ពន្លក​ស្នេហ៍​លោក​កួច​លើ​កូនស្រី​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ ហាក់ សែ កញ្ញា សែ ចាន់ឌី ថា ៖​ «កើតឡើង​ចំនួន ៧ ឆ្នាំ​ហើយ ទម្រាំ​មក​ដល់​ថ្ងៃនេះ»។

ក្រោយ​មក​នៅ​ចុង​ឆ្នាំ​២០១៩​លោក​ក៏​ទទួល​បាន​កាដូ​កូន​ស្រី​ម្នាក់ ​និង​បាន​បង្ហោះ​សារ​រៀបរាប់​ថា «វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម ខណៈកូនប្រុស នាយ ចយ​ កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មានទំងន់ ៣គីឡូ ៣ខាំ»៕

Leave a Reply