ពិតជាសាមញ្ញណាស់ អភិបាលខេត្តព្រះសីហនុ ស្លៀកខោខ្លីទៅអង្គុយហូបបាញ់ឆែវ ពេលយប់ជាមួយប្រជាពលរដ្ឋ

ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកឈ្មោះ ប្រជាជនខេត្ត ព្រះសីហនុ បានបង្ហោះរូបភាព ជាច្រើនសន្លឹក ពីសកម្មភាពរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្ថិតក្នុងសម្លៀកបំពាក់អាវដៃខ្លី និង ខោខ្លី ទៅអង្គុយហូបបាញ់ឆែវ ជាមួយប្រជាពលរដ្ឋ កាលពីយប់ម៉ិញនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម ដ៏មានប្រជាប្រិយភាពមួយនេះ ។

សកម្មភាពរបស់ឯកឧត្តម គួច ចំរើន ចាប់តាំងពីទទួលតួនាទីជាអភិបាលនៃគណះអភិបាលខេត្ត ព្រះសីហនុ មកគឺឃើញតែលោកមានការមមាញឹកក្នុងកិច្ចការងារស្ទើររកពេលសម្រាកគ្មាន ដូចជា ការរៀបចំ សុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំ និង ត្រួតពិនិត្យនូវសំណង់ទាំងឡាយ ដែលសង់ខុស បច្ចេកទេសកន្លងមក ដោះស្រាយ បញ្ហាដីធ្លី បញ្ហាសំរាម បរិស្ថាន ទប់ទល់គ្រោះជំនន់ទឹកភ្លៀង ដែលលិចក្រុងព្រះសីហនុ នាពេលថ្មីៗនេះ ដោយរកវិធីរំដោះផ្លូវទឹករៀបចំលូបង្ហូរទឹក រៀបចំឱ្យមានកន្លែងលក់ម្ហូប អាហារនៅឆ្នេរ អូរឈើទាល ដើម្បីទាក់ទាញមហាជនឱ្យងាកមកចាប់អារម្មណ៍ទៅលេងកម្សាន្តនៅខេត្ត ព្រះសីហនុ ឡើងវិញ ។

ដោយសារតែមើលឃើញ និង ដឹងពីការប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចការនឿយហត់របស់ឯកឧត្តម គួច ចំរើន បែបនោះហើយ ទើបពេលបានឃើញឯកឧត្តមចូលពិសារបាញ់ឆែវ គេនាំគ្នាពោលថា កម្របាន ឃើញសកម្មភាពដ៏សាមញ្ញបែបនោះណាស់ ។នៅលើគណនីយហ្វេសប៊ុក ដដែលបានសរសេរសារថា៖ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និង បានជួប បងប្អូនប្រជាពលរដ្ឋ និង បានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយ ។

គេនៅចាំបានថា ឯកឧត្តម គួច ចំរើន ធ្លាប់មានប្រសាសន៍ថា៖ ខ្ញុំមកទីនេះគឺដើម្បីផ្តល់សេវាយុត្តិធម៌ សេវាសន្តិសុខ និង សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ និង ស្នើសុំបងប្អូនកុំទន្ទ្រានកាន់កាប់ដីរដ្ឋ និង ដីដែលជាកម្មសិទ្ធិរបស់ឯកជន បើមានករណីនេះកើតឡើង រដ្ឋបាលខេត្តមិនលើកលែងឱ្យនោះទេ ។

Leave a Reply