ញាក់សាច់!កញ្ញាសុខ ពិសី កំពុងត្រូវប៉ាន់២ច្រក លុយចូលកប់ក្តោង…

តារាចម្រៀងសុខ ពិសី បានប្រឹងថែរក្សារូបរាងឲ្យកាន់តែស្វែលស្អាត តាមរយៈការជ្រើសរើសវិធីហាត់ប្រាណយូហ្គា ជាច្រើនខែមកហើយ។ ក្រុមអ្នកគាំទ្រអ្នកចម្រៀងរូបនេះខ្លះថា នាងរាងស្រកគីឡូជ្រុល និងខ្លះថា នាងកាន់តែស្អាតជាងមុន ខណៈដែលសាមីខ្លួនផ្ទាល់អះអាងថា នាងពេញចិត្តនូវរូបរាងដូចសព្វថ្ងៃនេះ។

ទោះជាយ៉ាងណា ការដែលសុខ ពិសី កាន់តែមានស្បែករលើបរលោងម៉ដ្ឋខៃនេះ នាងត្រូវប៉ាន់២យ៉ាង នៅរដូវកូវីដ-១៩នេះ គឺទី១. លក់ផលិតផល Collagen កាន់តែដាច់ និងទី២. ថតស្ពតពាណិជ្ជកម្ម។

សុខ ពិសី អះអាងថា នៅរដូវកូវីដ-១៩ នេះ នាងកាន់តែមានភាពមមាញឹកទៅលើការលក់ផលិតផល Collagen មែន ព្រោះកន្លងមកនាងជាប់ច្រៀងតាមខេត្ត មិនសូវបានពង្រឹងមុខរបរនេះទេ។

ប៉ុន្តែនាងថា ពេលនេះនាងមានពេលផ្ដោតទៅលើមុខរបរនេះកាន់តែខ្លាំងជាងមុន ហើយអតិថិជនមានការជឿជាក់លើនាងកាន់តែច្រើន ព្រោះពួកគាត់ឃើញនាងប្រើប្រាស់ផលិតផលទាំងនោះដែរ។

ពិសី ថា ចំពោះស្ពតពាណិជ្ជកម្មវិញ នាងពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះត្រូវបានក្រុមហ៊ុនធំៗស្ដង់ដារ ម៉ាកល្បីៗ​ជ្រើសរើសហើយយកនាងជាតំណាង។ ចំពោះ VIVO វិញ នាងនៅមានកុងត្រា១ឆ្នាំទៀត ជាមួយក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ។ ប៉ុន្ដែពិសី មិនបញ្ជាក់ថា តើនាងអាចរកប្រាក់ចំណូលពីការលក់ Collagen ១ខែៗបានប៉ុន្មានឡើយ ខណៈដែលស្ពតពាណិជ្ជកម្មវិញ គេដឹងថា នាងស៊ីថ្លៃរាប់មុឺនដុល្លារឯណោះ។

ទោះជាយ៉ាងណា អ្នកចម្រៀងសាច់សខ្ចីរូបនេះនៅតែរក្សាតំណែងជាតារាស្រីឈានមុខគេដដែល នៅសាន់ដេ ស្របពេលដែលរឿងរៀបការវិញ ពិសី ថា ពេលវេលាមិនទាន់អំណោយផលទេ បើទោះជាធ្លាប់លេចឮដំណឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេ ជាច្រើនឆ្នាំក្ដី តែរហូតមកដល់ពេលនេះ ពិសី មិនដែលសារភាពស្នេហ៍ឡើយ៕

Leave a Reply