ព្រឹក​នេះ ឪពុក ឱក សុគន្ធ​កញ្ញា បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល​ថា មិន​ចង់​ឲ្យ​កូន​សាង​បាប​កាន់តែ​ជ្រៅ(មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្ត​បានដឹង​រួចមកហើយ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​ឱក បូ​នី បាន​ទម្លាយ​រឿង តារាចម្រៀង​ឱក សុគន្ធ​កញ្ញា មិន​ទទួលស្គាល់​លោក​ជា​ឪពុក ធ្វើ​ឲ្យ​កក្រើក​ពេញ​ពិភព​សិល្បៈ តែ​កំពូល​តារាចម្រៀង​ស្រី​រូបនេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ចេញមុខ​ធ្វើការ​បកស្រាយ​តតាំង​ជាមួយ​ឪពុក​របស់ខ្លួន​នោះឡើយ​។​

ចំពោះ​រឿងរ៉ាវ​នេះ បើ​ទោះ​មាន​អ្នកសារព័ត៌មាន​ទំនាក់ទំនង​ទៅធ្វើ​ការសម្ភាសន៍​អ្នកនាង​ក៏ដោយ អ្នកនាង​និយាយបាន​បន្តិច​ក៏​បិទ​ទូរ​សព្ទ​បាត់ តែ​អ្នក​ដែល​ធ្វើ​ការជជែក​វែកញែក​រឿង​នេះនោះ មានតែ​អ្នកដឹង​រឿង​មួយចំនួន ក៏​ដូច​អ្នកគាំទ្រ​អ្នកនាង​ផងដែរ​។

ស្របពេល​អ្នកនាង រក្សា ភាព​ស្ងៀមស្ងាត់​នៅ នៅ​ព្រឹក​នេះ លោក​ឱក បូ​នី ឪពុក​របស់​អ្នកនាង បែរជា​បង្ហោះ​សារ​មួយទៀត​យ៉ាង​ភ្ញាក់ផ្អើល ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ថា «​ទឹកចិត្ត​ឪពុក​មិន​ចង់​បង្ខូច​កិត្តិយស​កូន​ទេ​និង​មិន​ចង់បាន​អ្វី​ពី​កូន​ទេ​តែ​មិន​ចង់អោយ​កូន​សាង​បាប​កាន់តែ​ជ្រៅ​»​។ តែ​ក្រោយមក​សារ និង​រូបភាព​ទាំងនេះ ក៏ត្រូវ​បាន​លុបចេញ​វិញ​។​

គួរ​បញ្ជាក់ថា ក្រោយ​ផ្ទុះ​រឿងរ៉ាវ​ខាងលើនេះ វីដេអូ​ចាស់​របស់​ឱក សុគន្ធ​កញ្ញា ដែល​និយាយ​រៀបរាប់​ជុំវិញ​រឿង​​​បរាជ័យ​ក្នុង​ជីវិត​របស់​នាង ត្រូវ​បាន​គេ​ចែករំលែក​ឡើងវិញ ធ្វើ​ឲ្យ​មហាជន កាន់តែ​ដឹង​ច្បាស់​ពី​រឿង​អតីតកាល​របស់​អ្នកនាង​។

អ្នកនាង បាន​បញ្ជាក់​ក្នុងវីដេអូ រៀបរាប់​ទាំង​ទឹកភ្នែក​ថា «…​នៅ​ក្នុង​ឆាក​ជីវិត​របស់ខ្ញុំ រឿង​ដែល​បរាជ័យ​ទី​១ គឺ​ខ្ញុំ​បាត់បង់​គ្រួសារ​…​ខ្ញុំ​បែកបាក់​ក្រុម​គ្រួសារ​តាំងពី​ក្មេង​.. ខ្ញុំ​ត្រូវ​ខំ​តស៊ូ​រៀន​… ត្រូវ​មើល​ប្អូន​ផង ហើយ​ខ្លួន​ជា​ស្រី​ត្រូវ​ពុះពារ​រស់នៅ​ដោយ​អាណាព្យាបាល​នៅ​ឆ្ងាយ នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​ចាកចេញ ខ្ញុំ​មានតែ​ម្ដាយ ហើយក៏​ត្រូវ​ចិញ្ចឹម​គ្រួសារ​ទាំងមូល នៅ​ពេល​នោះ

ខ្ញុំ​តែងតែ​និយាយ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​រឹងប៉ឹង ហើយ​ខ្ញុំ​នឹង​ជួយ​គ្រួសារ​មួយ​នេះ ដោយ​មិនបាច់​ពឹង​ពាក់​កម្លាំង​មនុស្ស​ប្រុស​ទេ កូនស្រី​ម្នាក់​នេះ នឹង​ធ្វើជា​មនុស្ស​ធំ​ម្នាក់ ហើយ​ពេលនោះ ខ្ញុំ​តែងតែ​គិត​ថា លុយ​ប្រហែល​ជា​សំខាន់ អីចឹង​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​រកលុយ​ចិញ្ចឹម​គ្រួសារ​មួយ​នេះ ដោយ​កិត្តិយស​ជូន​គ្រួសារ​របស់ខ្ញុំ»។

មួយ​វិញ​ទៀត​តាមរយៈ​បទ​ចម្រៀង​មួយ​បទ​ទៀត​របស់​អ្នក​នាង ​មាន​ចំណង​ជើង​ថា​ «ព្រោះ​គេ​មិន​មែន​ជា​យើង» ក៏​កាន់តែ​ធ្វើឲ្យ​អ្នក​គាំទ្រ​​ កាន់តែ​យល់​ច្បាស់​ពី​ជម្រៅ​ចិត្ត​អ្នកនាង​នៅ​ពេល​នេះ​ថែម​ទៀត។

នៅក្នុង​បទ​នេះ ឱក សុគន្ធ​កញ្ញា បាន​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន ដែល​ចង់រក​កន្លែង​ស្ងាត់ ហើយ​ស្រែកយំ បន្ធូរ​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត ដើម្បី​ឲ្យ​ជីវិត​របស់​អ្នកនាង​បាន​ស្ងប់ស្ងាត់​។ អ្នកនាង​ថា គ្មាន​អ្នក​អាចយ​ល់ពី​អារម្មណ៍​នេះ គ្មាន​អ្នកណា​ដឹង​ឡើយ ក៏​ព្រោះ​គេ​មិនមែន​យើង

មិន​ធ្លាប់​ជួប​រឿង​ដូច​យើង ដូច្នេះ​គេ​មិនអាច​យល់ច្បាស់​ពី​យើង គេ​មើលមិនឃើញ​ពី​ការឈឺចាប់​របស់​យើង​ឡើយ ទោះបីជា​ប្រឹង​រៀបរាប់​យ៉ាងណាក៏ដោយ​ក៏​ចុងក្រោយ គេ​នៅតែ​មិន​យល់​ដដែល៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply