ក្តៅៗ៖ នៅថ្ងៃនេះកម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ថ្មីចំនួន០៩នាក់ ខណៈមានអ្នកជាសះស្បើយម្នាក់ទៀត

តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ ខែមិថុនា នេះ បានឲ្យដឹងពី ការរកឃើញវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ និង ជាសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន០១នាក់ នោថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត គឺ៨នាក់ជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា។ អ្នកជំងឺកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចរាល់ហើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករកឃើញមានជំងឺកូវីដទាំង៩នាក់ថ្មីនេះ ក្នុងចំណោមអ្នកដំណើរសរុបចំនួន៤០នាក់ ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកដំណើរចំនួន៣១នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ជាបន្តទៀត។

ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ដែលត្រឡប់មកពីសហរដ្ឋអាមេរិក។

Leave a Reply