ណូម័រ កប់ដានស្នេហ៍ចាស់ ប្រកាសបើកបេះដូងទទួលស្នេហ៍ថ្មី

តារាសម្ដែង និងជាពិជីការិនីរាងតូចច្រឡឹង អ្នកនាងអន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានបង្ហាញសញ្ញាមានស្នេហ៍ថ្មីហើយ ដោយថ្មីៗនេះ នាងបានប្រកាសបើកបេះដូងជាចំហចំពោះបុរសទាំងឡាយណា​ដែលមានស្នេហ៍ស្មោះចំពោះនាងទៀតផង។

ភ្លាមៗនោះ ក្រោយការប្រកាសមិនបានប៉ុន្មានម៉ោងផង​ ស្រាប់តែលេចឮថា ណូម័រ មិនទុកបេះដូងឲ្យនៅឯកោទៀតឡើយ គឺពេលនេះនាងបានភ្ជាប់ស្នេហ៍ថ្មីទៀតហើយ ខណៈដែលដំណឹងផ្សេងទៀតលេចឮថា ស្រីស្អាតរូបនេះមានអ្នកចិញ្ចឹមទៀតផង ក្រោយពេលដែលនាងមានការតុបតែងខ្លួនប្លែកៗ ព្រមទាំងមានផ្ទៃមុខកាន់តែស្រស់ស្អាតជាងមុននោះ។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទ ណូម័រ បានឲ្យដឹងថា​រឿងមានអ្នកថ្មីនោះ គឺនៅមិនទាន់អាចទៅរួចទៅវិញ។ នាងថា ការប្រកាសបើកបេះដូងរបស់នាងនៅពេលនេះ គ្រាន់តែជាសញ្ញាមួយបញ្ជាក់ថា នាងបានកាត់ចិត្តរឿងអតីតកាលអស់ហើយ ដែលមានន័យថា មិនអាចវិលរកភាពត្រូវរ៉ូវគ្នាជាមួយអតីតប្ដីនោះទេ ហើយនាងក៏មិនបានកើតទុក្ខសោក ព្រោះរឿងអតីតកាលទាំងនោះរហូតគ្រាំគ្រាចិត្តដល់ពេលបច្ចុប្បន្នដែរ។

ណូម័រ ថា ពេលនេះមិនទាន់បានជួបបុរសថ្មីណាម្នាក់ទៀតទេ ហើយក៏មិនអាចរៀបចំគូស្រករក្នុងពេលឆាប់ៗនេះដែរ ប៉ុន្ដែរឿងអតីតកាលវាបានចប់អស់ហើយសម្រាប់នាង។ នាងថា ពេលនេះមានតែធ្វើជីវិតឲ្យសប្បាយៗមិនត្រូវដេកឱបទុក្ខនោះទេ។

ទាក់ទងរឿងគេសង្ស័យថា មានប្រុសចិញ្ចឹមវិញ ណូម័រ អះអាងថាពិ តជាត្រូវបានគេធ្លាប់សង្ស័យបែបនេះមែន​ ដោយសារតែគេមើលឃើញថា នាងមានផ្ទះរស់នៅ និងមានរថយន្ដជិះនោះហើយ ទើបមិនអាចហាមឃាត់មិនឲ្យគេនិយាយបានទេ។ នាងថា ជីវភាពរបស់នាងគ្រប់គ្រាន់ សមរម្យ ហើយនាងគ្មានបុរសណាចិញ្ចឹមនោះទេ ប៉ុន្តែអ្នកដែលចិញ្ចឹមនាង គឺមានតែម្នាក់គត់ គឺ ”ម្ដាយ” របស់នាងតែម្ដង។

ណូម័រ បានរៀបការជាមួយ Vj សុភា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ និងលែងលះគ្នាវិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ពោលគឺចំណងស្នេហាបានតែ៥ខែប៉ុណ្ណោះ ក៏ដើរដល់ផ្លូវបំបែក។ណូម័រ ថា ពេលនេះនាងមិនទាន់ត្រូវចិត្តបុរសណាទេ ហើយនាងត្រូវការពេលវេលាស្វែងយល់ស្នេហាថ្មីឲ្យបានច្បាស់លាស់ ចៀសវាងខកចិត្តលើកទី២៕

Leave a Reply