អបអរសាទរ! អ្នកនិពន្ធតូចច្រឡឹង កូនចាបមាស ភ្ជាប់ពាក្យហើយ អនាគតស្វាមីក៏ជាអ្នកនិពន្ធដែរ

ប្រិយមិត្តដែលចូលចិត្តអានសៀវភៅ ប្រាកដជាស្គាល់ហើយនូវអ្នកនិពន្ធដ៏ល្បីឈ្មោះ ២ រូបគឺយុវតី សែត ហត្ថា ដែលគេស្គាល់ឈ្មោះតាមសៀវភៅថា កូន ចាបមាស និងលោក ឡាំ លីម តាមរយៈស្នាដៃជាច្រើនរបស់អ្នកទាំងពីរ ។ អ្វីដែលកាន់តែពិសេសនោះគឺ អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំងពីរបានសម្រេចចិត្ត ឈ្លៀកឈុតប្រពៃណី និង ភ្ជាប់ពាក្យជាមួយគ្នាដោយមិនមានដំណឹង ឬ តម្រុយជាមុន ។

កម្មវិធីភ្ជាប់ពាក្យរបស់អ្នកនិពន្ធទាំង ២ រូបនេះបានប្រារព្ធ ធ្វើឡើងនៅលើទឹកដី វាល​សម្តេច​យស នា​ខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់យុវតី សែត ហត្ថា កាលពីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ។ ក្នុងនោះ ក៏មានការបង្ហោះសារពីគណនីហ្វេប៊ុក ឈ្មោះ ឡាំ ឡាយ ដែលត្រូវបានស្គាល់ថា ជាប្អូនប្រុសរបស់លោក ឡាំ លីម ថា៖

«បងស្រីខ្ញុំ កូន ចាបមាស ក្លាយជាគូដណ្ដឹងគេបាត់!» ដោយមិនបានបញ្ជាក់ឈ្មោះគូដណ្តឹងប្រុសឡើយ ។ យ៉ាងណាមិញ ក្រោយមកក៏មានរូបភាពបែកធ្លាយ ថាអ្នកទាំងពីរ គឺ សែត ហត្ថា និង ឡាំ លីម ពិតជាភ្ជាប់ពាក្យជាមួយគ្នាមែន ។

សូមបញ្ជាក់ថា ស្នាដៃល្បីបំផុតរបស់អ្នកនិពន្ធ​ សែត ហត្ថា ដែលត្រូវបានគេស្គាល់ច្រើន មានដូចជា វិញ្ញាសាជីវិត ខ្យល់ដង្ហើម និង កាដូជីវិត ជាដើម ។ ចំណែក ឯសៀវភៅដែលមានការគាំទ្រច្រើនបំផុតរបស់អ្នកនិពន្ធ ឡាំ លីម មានដូចជា អំណានជាអំណាច ប្រតិទិនទស្សនៈ ២២២ថ្ងៃ និង ប្រតិទិនទស្សនៈ៣៦៥ ថ្ងៃជាដើម ៕

Leave a Reply