វិលចុះវិលឡើង ហេង ចន្ថា សារភាពបានភ្ជាប់ពាក្យ តែមិនទាន់មានគម្រោងរៀបការ

គេចាំបានថាអតីត Miss Grand Cambodia ហេង ចន្ថា បានភ្ជាប់ពាក្យស្ងាត់ៗកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ដោយកាលណោះតារាសម្តែងរូបនេះបានប្រាប់ថាជាការភ្ជាប់ពាក្យនៅក្នុងការសម្តែងរឿងតែប៉ុណ្ណោះ ។ យ៉ាងណាមិញថ្មីៗនេះ ហេង ចន្ថា បែរជាសារភាពថាជាការភ្ជាប់ពាក្យពិតប្រាកដទៅវិញ ។


ហេង ចន្ថា បានប្រាប់ថា កាលដែលនាងភ្ជាប់ពាក្យកន្លងមកនោះគឺជាការភ្ជាប់ពាក្យពិតប្រាកដមិនមែនជាការលេងសើច ឬ ថតរឿងដូចនាងធ្លាប់ប្រាប់កន្លងមកទេ ។ ហាក់ខុសពីតារាដទៃបើទោះមានគូដណ្តឹង និង បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរក៏ពិតមែនតែ ហេង ចន្ថា មិនបានបង្ហាញមុខកូនកំលោះថាជានរណាជាចំហឡើយ សូម្បីតែកម្មវិធីរបស់មិត្តភក្តិក៏ ហេង ចន្ថា មិនបានបណ្តើរគូដណ្តឹងចូលរួមដូចគូដទៃដែរ ធ្វើឱ្យអ្នកគាំទ្រជាច្រើនដែលឆ្ងល់ចំពោះរឿងនេះ ។ ហេង ចន្ថា ធ្លាប់និយាយបែបលេងសើចថាមិនហ៊ានបង្ហាញមុខខ្លាចគេលង់ស្រឡាញ់គូដណ្តឹងនាង ។​


ថ្វីដ្បិតបានភ្ជាប់ពាក្យហើយក្តី តែតារាសម្តែងរូបស្រស់ ហេង ចន្ថា មិនទាន់មានគម្រោងចូលរោងការភ្លាមៗនោះទេ ។ អាចនិយាយថា បួនទៅប្រាំឆ្នាំខាងមុខទៀត ទើបនាងគិតគូររឿងរៀបការ ។ ហេង ចន្ថា នៅតែបន្តអាជីពសិល្បៈដដែល បើតាមការលើកឡើងរបស់មិត្តភក្តិជិតដិតបានឱ្យដឹងថា អនាគតស្វាមីរបស់ ហេង ចន្ថា ក៏នៅមិនឆ្ងាយពីអាជីពសិល្បៈដែរ ៕

Leave a Reply