បន្ទាយស្រីនឹងក្លាយជាស្រុកដំបូងគេ គ្មានសំរាម មេភូមិទូទាំងស្រុកដឹកនាំពលរដ្ឋរើសសំរាមរាល់ខែ

ជាយន្តការថ្មីមួយទៀតហើយនៅក្នុងស្រុកបន្ទាយស្រី ដែលលោកអភិបាលស្រុក បានតម្រូវឱ្យមេភូមិទូទាំងស្រុក ដឹកនាំពលរដ្ឋ ប្រជាការពារ យុវជន និងសិស្សានុសិស្ស ដើររើសសំរាម និងសម្អាតបរិស្ថានក្នុងភូមិរបស់ខ្លួនជារៀងរាល់ថ្ងៃ ។


តាមទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ មេភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនឹងចំណាយពេលយ៉ាងហោចណាស់ មួយថ្ងៃក្នុងមួយខែម្តង ដឹកនាំប្រជាពលរដ្ឋ ប្រជាការពារ យុវជន និង សិស្សានុសិស្ស ដើររើសសំរាម និង ធ្វើការងារបរិស្ថាននៅក្នុងភូមិរបស់ខ្លួនជារៀងរាល់ខែ ។


ក្រោយពីទទួលបានការឯកភាពជារួមមួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកាលពីព្រឹកមិញនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសម្របសម្រួលតាមដានការងារនេះជាប្រចាំ ដើម្បីធានាឱ្យបាននូវយន្តការអចិន្ត្រៃយ៍ថ្នាក់ភូមិមួយ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅតាមទីសាធារណៈនៅក្នុងភូមិឃុំ និង ប្រែក្លាយបន្ទាយស្រីឱ្យស័ក្តិសមជាស្រុកទេសចរណ៍មួយ ។


សកម្មភាពនេះនឹងបំពេញឱ្យការផ្តល់សេវាប្រមូលសំរាមនៅក្នុងស្រុក ដែលនឹងចាប់ផ្តើមក្នុងពេលទន្ទឹមគ្នានៅក្នុងខែកក្កដានេះ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ ២០២០ បន្ទាយស្រីស្អាតផង ។

រដ្ឋបាលស្រុកក៏នឹងរៀបចំឱ្យមានការប្រឡងប្រណាំង និង ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់“ភូមិស្អាត ភូមិគំរូ” ក្នុងចំណោមភូមិទាំង៣៦ ដើម្បីជំរុញឱ្យមានការខិតខំប្រឹងប្រែងរបស់ភូមិនីមួយៗរឹតតែខ្លាំងផងដែរ ៕

Leave a Reply