សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសពីការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៤ មិថុនាខាងមុខនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងអញ្ជើញប្រកាសជាផ្លូវការនូវការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី២១ ខែមិថុនា នេះ បានឲ្យដឹងបែបនេះថា៖ បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករឮកទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។

ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។

នៅថ្ងៃពុធទី២៤ មិថុនា​ ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។

ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋឬអតិថិជនប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាលនិងការធ្វេសប្រហែស។ សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕

Leave a Reply