មុខរបរនេះតូចមែន តែអាចចិញ្ចឹមមួយគ្រួសារសមាជិក ១០ នាក់បានយ៉ាងសមរម្យ

មិនមែនជាហាងលក់ដូរធំដុំប្រេនៗទេ ពោលគឺត្រឹមតែលក់ដូរតាមចិញ្ចើមផ្លូវក៏អាចរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារដែលមានសមាជិក ១០ នាក់បានដែរ ដោយគ្រាន់តែហត់នឿយបន្តិច ព្រោះរវល់ជាប់តាំងពីព្រឹកទល់យប់ ។


កន្លែងលក់បាញ់ឆែវ យាយសុខ តាសំ មានទីតាំងនៅតាមបណ្តោយផ្លូវ ៤០២ ទល់មុខហាងម៉ាស្សា CK  កៅដាយ ក្បែរសាលាវ៉ាន់ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ត្រូវបានគេល្បីថាឆ្ងាញ់ និង លក់ដាច់ណាស់បើអតិថិជនទៅក្រោយម៉ោង ៧ យប់ច្បាស់ជាអស់ហើយ ។


នៅទីនោះមានលក់ដូចជាបាញ់ឆែវ បាញ់ស្រុង គួង និង សាយ៉ ដែលក្នុងនោះបាញ់ឆែវស្នូលសាច់មាន់ សាច់ជ្រូក មួយបន្ទះ ៥០០០ រៀល បាញ់ស្រុងមួយចាន ៥០០០ រៀល គួងមួយ ១៥០០ រៀល សាយ៉ មួយ ១០០០ រៀល ។


ចំពោះអតិថិជនដែលតែងតែមកពិសានៅទីនេះ ក្រៅពីអ្នកភូមិភាគច្រើនគឺជាសិស្សសាលាវ៉ាន់ដា សិស្សសាលាពេទ្យ មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សសាលា… ជាដើម ប៉ុន្តែមួយរយៈនៃការភ័យខ្លាចឆ្លងរាលដាលជំងឹកូវីដ ១៩ ការលក់បាញ់ឆែវមានការថយចុះប្រមាណ ៥០ ភាគរយ ពោលគឺកាលមុនក្នុងមួយថ្ងៃធ្លាប់លក់អស់ម្សៅបាញ់ឆែវ ៦ គីឡូក្រាម តែឥឡូវលក់អស់ត្រឹមម្សៅបាញ់ឆែវ ៣ គីឡូក្រាមប៉ុណ្ណោះ ។


ពេលនេះមិនត្រឹមតែលក់នៅកន្លែងផ្ទាល់ទេ បាញ់ឆែវ យាយសុខ តាសំ ត្រូវបានគេទាក់ទងទិញតាមទូរសព្ទ ដោយឱ្យដឹកទៅឱ្យដល់ទីលំនៅរបស់គេនៅតាមទីកន្លែងឆ្ងាយៗមួយចំនួនទៀតផង តាមរយៈក្រុមហ៊ុនដឹកជញ្ជូនហ្វ៊ូដផេនដា និង ញ៉ាំ ២៤ ។


ទាំងពីរនាក់ប្តីប្រពន្ធយាយ សុខ តាសំ បានរៀបរាប់ឱ្យដឹងថា ពួកគាត់ចាប់ប្រកបរបរនៅទីនេះជាង ១០ ឆ្នាំមកហើយ ដោយផ្តើមចេញពីការដឹកតាមកង់លក់តាមផ្ទះរហូតទទួលបានការចាប់អារម្មណ៍ពីអតិថិជនថាបាញ់ឆែវឆ្ងាញ់ ពិសេសរសជាតិទឹកត្រីគឺធ្វើត្រូវឆ្ងាញ់ជក់មាត់តែម្តង ។


ការល្បីតៗគ្នាពីមាត់មួយទៅមាត់មួយធ្វើឱ្យការលក់បាញ់ឆែវរបស់គាត់កាន់តែដាច់ចាក់លក់ស្ទើរមិនទាន់ ហើយក៏ឈប់ដឹកកង់ដើរលក់ដូចមុនទៀតដោយគ្រាន់តែលក់នៅកន្លែងក៏ស្ទើរមិនទាន់ផង ។ មូលហេតុនៃការលក់បាញ់ឆែវដាច់របស់គាត់គឺដោយសារមានរសជាតិឆ្ងាញ់សំខាន់ទឹកត្រី ការលក់ដូរមានអនាម័យល្អ សេវាកម្មល្អមានភាពរួសរាយរាក់ទាក់ ។


ចំពោះមុខរបរលក់បាញ់ឆែវដូចគាត់ប្រើដើមទុនប្រមាណជា ២០០ ដុល្លារសម្រាប់ទិញសាច់ បន្លែ គ្រឿងផ្សំផ្សេងៗ និង ត្រូវមមាញឹកស្ទើរគ្រប់គ្នាក្នុងសមាជិកគ្រួសារតាំងពីព្រលឹមដល់យប់ ដែលក្នុងនោះព្រឹកឡើងត្រូវដើរទិញសាច់ បន្លែ គ្រឿងផ្សំផ្សេងៗយកមកលាងសម្អាតរៀបចំទុកឱ្យហើយ ។ វេលាម៉ោងមួយចាប់ផ្តើមចេញលក់ជាប់ដៃរហូតដល់ម៉ោង ៦ ទៅ ៧ យប់លក់អស់ទើបឈប់ ដោយធ្វើបែបនេះជារៀងរាល់ថ្ងៃ ។


គាត់ពេញចិត្តជាមួយមុខរបរនេះណាស់ ព្រោះអាចចិញ្ចឹមគ្រួសារគាត់ដែលមានសមាជិក ១០ នាក់បានយ៉ាងសមរម្យ និង ចង់បន្ថែមរបរលក់ទឹកអំពៅដែរ តែគ្មានកន្លែងសម្រាប់ដាក់លក់ ។ ចង់ដឹងរសជាតិបាញ់ឆែវ យាយសុខ តាសំ ឆ្ងាញ់យ៉ាងណាសូមទៅភ្លក់ឱ្យដឹងរសជាតិផ្ទាល់តែម្តង ៕

Leave a Reply