ស្ទើរមិនជឿថាអតីតអ្នកនិពន្ធបទចម្រៀង ងិន ម៉ានីយ៉ាន ធ្លាប់មានជំងឺបាក់ទឹកចិត្ត និង ចង់សម្លាប់ខ្លួនជាច្រើនដង

ពិតជាមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតអ្នកនិពន្ធបទចម្រៀងដ៏ល្បីអ្នកស្រី ងិន ម៉ានីយ៉ាន បានឱ្យដឹងថា អ្នកស្រីធ្លាប់មានជម្ងឺបាក់ទឹកចិត្ត និង មានគំនិតចង់សម្លាប់ខ្លួនជាច្រើនដង តែក្រោយមកអ្នកស្រីក៏បានលះបង់នូវគំនិតនេះវិញ ។

អ្នកស្រី ងិន ម៉ានីយ៉ាន ត្រូវបានគេស្គាល់ថាជាអតីតភរិយារបស់លោក ថៃ នរៈសត្យា និង ជាម្តាយរបស់អតីតហ្វេ្រសស៊ី ថៃ នារីសុជាតា និង លោក ថៃ នរៈពិទូរ្យ បានរៀបរាប់ និង បានចែកចាយពីបទពិសោធរបស់អ្នកស្រីថា «ជីវិតខ្ញុំធ្លាប់ដូចបដាចា ខ្ញុំធ្លាប់មានគំនិតសម្លាប់ខ្លួនជារឿយៗ ព្រោះតែបាត់បង់ទំនុកចិត្ត ខ្ញុំក៏កើតមានជំងឺបាក់ទឹកចិត្តយ៉ាងខ្លាំង ។ ខ្ញុំមើលឃើញពិភពលោកនេះខ្មៅងងឹត ហាក់មិនមានពន្លឺដល់ខ្ញុំបន្តិចណាសោះ ប៉ុន្តែនៅវិនាទីចុងក្រោយដែលខ្ញុំគិតថាបោះបង់ជីវិតនេះចោល ខ្ញុំតែងតែគិតដល់កូនទាំងបី ចង់ជួបជុំកូន ចង់បានសេចក្ដីស្រឡាញ់ទៅវិញទៅមកដូចដើម នេះហើយគឺជាកម្លាំងចិត្ត ដែលជំរុញឲ្យខ្ញុំបន្តដកង្ហើមតទៅទៀត ។ ទីបំផុតមកដល់ពេលនេះ ទោះបីជីវិតខ្ញុំមិនទាន់ជោគជ័យទាំងស្រុងក៏ខ្ញុំបានសេចក្ដីស្រឡាញ់រវាងម្ដាយ និង កូនបីនាក់នេះត្រឡប់មកវិញ ។ បើទោះជាកន្លងមកក្ដី ស្រឡាញ់ទាំងអស់នេះបានជ្រុះរប៉ាត់រប៉ាយតាមផ្លូវមកខ្លះក៏ដោយ ឲ្យតែយើងមិនបោះបង់ចោលក្ដីសង្ឃឹម អ្វីដែលជារបស់យើងនឹងរត់មករកយើងវិញនៅក្នុងថ្ងៃណាមួយមិនខាន ។ ស៊ូៗទាំងអស់គ្នាណា៎! បងប្អូនកូនក្មួយដែលធ្លាប់បាត់បង់ជំនឿចិត្តនិងបាក់ទឹកចិត្តទាំងអស់ដូចជារូបខ្ញុំ»

ការលើកឡើងរបស់អតីតអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសរូបនេះ បានធ្វើឱ្យមហាជនជាច្រើនបានសម្តែងការអាណិត និង លើកទឹកចិត្តឱ្យអ្នកស្រីរឹងមំាជារៀងរហូត ព្រោះអ្នកស្រីនៅមានកូនៗជាកម្លាំងចិត្តដែលសុទ្ធតែមានសមត្ថភាពផងដែរ ៕

Leave a Reply