ក្រោយចេញបំរាមមិនឲ្យលក់ដូរទំនិញតាមរុឺម៉ក ឬរថយន្តលើផ្លូវសាធារណៈក្នុងក្រុង ពលរដ្ឋអ្នកប្រកបរបរនេះមួយចំនួន ដែលចល័តមកពីខេត្តផ្សេង បាននាំយករុឺម៉ក ឬរថយន្តលក់ទំនិញចលត័នេះ វិលត្រឡប់ទៅស្រុក និងខេត្តដែលរស់នៅវិញជាបន្តបន្ទាប់

យោង​តាម​កិច្ចប្រជុំ​របស់​សាលា​ក្រុងព្រះសីហនុ​ជាមួយ​ក្រុម​អាជីវករ​កាលពី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ​អាជ្ញាធរ​ក្រុងព្រះសីហនុ​លែង​អនុញ្ញាត​ឲ្យ​អ្នក​លក់ដូរ​សម្ភារៈ​ប្រើប្រាស់ ម្ហូបអាហារ បន្លែ និង​ត្រី​សាច់ ដែល​ដឹក​តាម​រទេះរុញ ម៉ូតូ ឬ​ឡាន នៅ​តាម​ដងផ្លូវ ចិញ្ចើម​ផ្លូវ និង​ទីតាំង​សាធារណៈ​នានា​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​តទៅ​ទៀត​ហើយ ។

យោង​តាម​ខ្លឹមសារ​នៃ​អង្គប្រជុំ​បាន​លើក​ឡើង​ថា ជា​ការ​កត់សម្គាល់​អ្នកលក់​ដូរ​ទាំង​អស់នោះ​បាន​ប្រើ​មធ្យោបាយ​ចល័ត​ដូច​ជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន ចត​លក់ដូរ​លើ​ដងផ្លូវ លើ​ចិញ្ចើម​ផ្លូវ តាម​ឆ្នេរ និង​ទីតាំង​សាធារណៈ​នានា​ជាដើម​ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ជា​ច្រើន​ដូច​ខាងក្រោម ៖

១-​បង្ក​ឲ្យ​មានការ​ស្ទះ​ចរាចរ និង​អាច​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​ ២-​គ្មាន​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម​ ៣-​បាត់បង់​សោ​ភណ្ឌ​ភាព​ទីក្រុង​ ៤-​ការ​លក់ដូរ មិន​បាន​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ ៥-​អ្នក​លក់ដូរ​តាម​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ទាំងនេះ មិនមែន​អ្នក​រស់នៅ​ក្រុងព្រះសីហនុ ឬ ខេត្ត​ព្រះ​សីហ​នុ នោះ​ទេ​តែ​ភាគច្រើន​បំផុត​គឺ​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ

​៦-​អ្នក​លក់ដូរ​តាម​ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ភាគច្រើន បាន​ប្រាប់​ថា ពួក​គាត់​ស្នាក់​នៅ​ក្នុង​ម៉ូតូ​កង់​បី និង​ក្នុង​ឡាន​ចល័ត​របស់​ខ្លួន រីឯ​អ្នកខ្លះ បាន​ប្រាប់​ថា​ស្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​ដែល​ម្ចាស់​មិន​រស់នៅ បើ​ដូច្នោះ​ដី​ចិញ្ចើម​ផ្លូវ ដី​អូរ ដី​ឆ្នេរ ដី​សាធារណៈ និង​ដី​ម្ចាស់​មិន​បាន​មើលថែ​ប្រាកដជា​ក្លាយជា​មុខសញ្ញា​សម្រាប់​ពួក​គាត់​រំលោភ​សាងសង់​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​មិន​ខាន ។

ដោយឡែក ក្រោយពីរដ្ឋបាលក្រុងព្រះសីហនុចេញបំរាមមិនអោយពលរដ្ឋលក់ដូរទំនិញតាមរុឺម៉កឬរថយន្តលើផ្លូវសាធារណៈក្នុងក្រុង ឃើញពលរដ្ឋអ្នកប្រកបរបរនេះមួយចំនួនដែលចលត័មកពីខេត្តផ្សេង បាននាំយករុឺម៉កឬរថយន្តលក់ទំនិញចលត័នេះ វិលត្រឡប់ទៅស្រុកនិងខេត្តដែលរស់នៅវិញជាបន្តបន្ទាប់។

លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុតាមរយៈបណ្តាញផ្សព្វផ្សាយបានថ្លែងអំណរគុណដល់ពលរដ្ឋមួយចំនួនដែលយល់ពីវិធានការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងព្រះសីហនុ ហើយចូលរួម។ បើតាមលោកអភិបាលក្រុងថ្លែងថា ពលរដ្ឋដែលចលត័ពីខេត្តផ្សេង មួយចំនួនបានលក់ដូរនិងស្នាក់នៅលើរុឺម៉កឬរថយន្តចតតាមទីសាធារណៈដូចជានៅសួនច្បារបេនឡានអតីតមហោស្រពជាដើម ក្នុងនោះខ្លះបន្ទោបង់ តូច ធំនៅកន្លែងនោះប៉ះពាល់បរិស្ថានផងដែរ។

ទោះជាយ៉ាងនេះក្តីលោកអភិបាលក្រុងបញ្ជាក់ថា ពលរដ្ឋទាំងអស់មានសិទ្ធិប្រកបអាជីវកម្មលក់ដូរសព្វបែបយ៉ាង តាមទីកន្លែងសមគួរ ក្រៅពីផ្លូវឬទីសាធារណៈសម្រាប់មហាជន៕

Leave a Reply