ក្រោយ Live ហ្វេសប៊ុកច្រើនថ្ងៃជាប់គ្នា តារាចម្រៀងសំឡេងផ្អែម ម៉េង កែវពេជ្ជតា រងបណ្តឹង ៣ ផ្ទួនៗ

ក្រោយឡាយហ្វេសប៊ុកជាប់គ្នាច្រើនថ្ងៃ តារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវបានគេដឹងថា បានទទួលរងបណ្តឹងចំនួន ៣ ពីបុគ្គល ៣ រូបផ្សេងគ្នា ដែលបុគ្គលទាំង ៣ រូបនោះត្រូវបានគេស្គាល់ច្បាស់ថាជាអ្នកមានមុខមាត់ក្នុងសង្គម ។ តើតារាចម្រៀង ម៉េង កែវពេជ្ជតា ទទួលបណ្តឹងអ្វីខ្លះ? ពីបុគ្គលណាខ្លះ? ពាក់ព័ន្ធនឹងរឿងអ្វីនោះ? សូមមកដឹងដូចខាងក្រោមនេះ ៖

១-បណ្តឹងពីស្រ្តីម្នាក់ឈ្មោះ រស់ សោភ័ណ្ឌ ប្តឹងពីបទបទបរិហារកេរ្តិ៍ជាសាធារណៈ និង សម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវស្រ្តីម្នាក់ឈ្មោះ រស់ សោភ័ណ្ឌ អាយុ ២៨ ដែលទំនងជាភរិយាក្រោយរបស់អតីតស្វាមីនាង ដោយបានដាក់ពាក្យប្តឹងទៅតុលាការពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង សម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង ។ នៅក្នុងពាក្យបណ្ដឹងនោះ ស្រ្តីឈ្មោះ រស់ សោភ័ណ្ណ បានសុំឱ្យព្រះរាជអាជ្ញាចោទប្រកាន់ និង ផ្ដន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង គូកនតាមច្បាប់ ហើយតម្រូវឱ្យសងជំងឺចិត្តជាប្រាក់ចំនួន ១០០ រៀល និង សុំឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា ប្រកាសសុំទោសលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ។


២-បណ្តឹងទីពីលោកជំទាវ ហ៊ុន ស៊ីណាត ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឱ្យមានការរើសអើង

មកដល់រសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា ទទួលបានពាក្យបណ្តឹងថ្មីមួយទៀតពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត ដោយបានសម្រេចចិត្តដាក់ពាក្យបណ្តឹងតារាចម្រៀងរូបនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឱ្យមានការរើសអើង ។ នៅក្នុងបណ្តឹងនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានសុំឱ្យព្រះរាជអាជ្ញាចោទប្រកាន់ និង ផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង គូកនតាមផ្លូវច្បាប់ ព្រមទាំងទាមទារសំណងទៅតាមការកំណត់របស់ច្បាប់ផងដែរ ។


៣-បណ្តឹងទី ៣ ពីលោកជំទាវ ហង្ស បូរី ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ

មុនបណ្តឹងលោកជំទាវ ហ៊ុន ស៊ីណាត មួយថ្ងៃ ពោលគឺនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវលោកជំទាវ ហង្ស បូរី សម្រេចដាក់ពាក្យបណ្តឹងមួយករណីដែរ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីតារាចម្រៀង ម៉េង កែវពេជ្ជតា បានប្រព្រឹត្តតាមការឡាយហ្វេសប៊ុកនៅថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ននេះ ។ នៅក្នុងពាក្យបណ្ដឹងនោះ លោកជំទាវ ហង្ស បូរី បានសុំឱ្យព្រះរាជអាជ្ញាចោទប្រកាន់ និង ផ្ដន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង គូកនតាមច្បាប់ ហើយតម្រូវឱ្យសងជំងឺចិត្តជាប្រាក់ចំនួន ៥០ រៀល និង សុំឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា ប្រកាសសុំទោសលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ៕

Leave a Reply