ចូលរួមគាំទ្រស្នាដៃខ្មែរយើងផង!ឃើញផ្លាស្ទិកគរចោលច្រើនពេក សហគ្រិនខ្មែរម្នាក់នេះកែច្នៃផ្លាស្ទីកទៅជាឥដ្ឋបរិស្ថានគួរឲ្យចាប់អារម្មណ៍(មានវីដេអូ)

ដោយសារមើលឃើញកាកសំណល់ផ្លាស្ទីកត្រូវបានគេបោះចោលពាសវាលពាសកាល សហគ្រិននៅខេត្តកណ្តាលម្នាក់នេះ បានសម្រេចចិត្តថាស្វែងរកបច្ចេកទេសកែច្នៃផ្លាស្ទីកទាំងនោះទៅជាឥដ្ឋបរិស្ថានសម្រាប់ការសាងសង ដែលមានលក្ខណៈពិសេសជាងឥដ្ឋធម្មតា ។

លោក សុខ ធី ម្ចាស់សហគ្រាសផលិតឥដ្ឋអេកូ (Eco-bricks) បានប្រាប់ Business Cambodia ថា លោកបានចំណាយពេលស្រាវជ្រាវបច្ចេកទេសផលិតឥដ្ឋបរិស្ថានពីផ្លាស្ទីកនេះប្រមាណកន្លះឆ្នាំពីប្រទេសផ្សេងៗ ទើបចាប់ផ្តើមផលិតឥដ្ឋចេញជារូបរាងនៅដើមឆ្នាំ ២០២០ នេះ ។

“ដោយសារមើលឃើញថា សម្រាមផ្លាស្ទីកគេបោះចោលនៅតាមផ្លូវ បោះចោលក្នុងទឹកច្រើន អញ្ចឹងខ្ញុំគិតថាគួរកែច្នៃផ្លាស្ទីកទាំងនោះឲ្យទៅជាឥដ្ឋដែលយើងអាចប្រើប្រាស់បាន ដើម្បីកាត់បន្ថយការបះពាល់បរិស្ថាន” នេះបើតាមការលើកឡើងរបស់លោក សុខ ធី ។

ឥដ្ឋបរិស្ថានផលិតពីផ្លាស្ទីកនេះមានលក្ខណៈពិសេសជាងឥដ្ឋក្រហមធម្មតា ដោយសារវាមានធ្នាក់សម្រាប់ភ្ជាប់គ្នា មានទំហំធំជាងឥដ្ឋធម្មតា បើតាមការអះអាងរបស់ម្ចាស់សហគ្រាសខាងលើបញ្ជាក់ថា ឥដ្ឋនេះថ្វីត្បិតថាថ្លៃជាងឥដ្ឋធម្មតាមែន ប៉ុន្តែនៅពេលយកទៅរៀបសម្រាប់ការសាងសង់ យើងនឹងចំណាយតិចជាង ដោយសារប្រើស៊ីម៉្មង់តិច ហើយរៀបលឿន ទោះបីយើងមិនមែនជាងសំណង់ក៏អាចរៀបឥដ្ឋខ្លួនឯងបានដែរ ។ ក្នុងនោះឥដ្ឋបរិស្ថាននេះ ចំណាយពេលរៀបលឿនដោយគ្រាន់តែដាក់តម្រៀបលើគ្នាប្រហែល ១ ម៉ែត្រទើបចាក់ស៊ីម្ម៉ង់ចូលម្តង ដោយសារវាមានប្រហោងកណ្តាលសម្រាប់ចាក់ស៊ីម្ម៉ង់ចូល និងសម្រាប់បង្កប់ប្រព័ន្ធខ្សែភ្លើង ។

លោក សុខ ធី បញ្ជាក់ថា ពេលនេះដោយសារនៅខ្វះដើមទុន ដូចនេះលោកបានចាប់ផ្តើមពីតិចទៅ ដោយអាចផលិតឥដ្ឋមួយថ្ងៃប្រហែល ១០០ ដុំ ដោយសារការងារនេះត្រូវការប្រើម៉ាស៊ីនច្រើន ហើយម៉ាស៊ីនសំខាន់ៗដូចជា ម៉ាស៊ីនកិនផ្លាស្ទីក ម៉ាស៊ីនសង្កត់ពុម្ពឥដ្ឋ ត្រូវការនាំចូលពីក្រៅប្រទេស ចំណែកម៉ាស៊ីនកិនដីលោកអាចកែច្នៃម៉ាស៊ីនក្នុងស្រុកយកមកប្រើបាន ។

ឥដ្ឋមួយនេះមានទំហំធំ មានទម្ងន់ដល់ទៅ ៥ គីឡូក្រាមឯណោះក្នុងមួយដុំ ដោយត្រូវចំណាយផ្លាស្ទិក ៣៥% សម្រាប់ផលិតជាមួយដី ខ្សាច់ និងវត្ថុធាតុដើមផ្សេងទៀត ដែលមានតម្លៃ ១០០០ រៀលក្នុងមួយដុំ ។

លោក សុខ ធីបានបញ្ជាក់ថា ឥដ្ឋបរិស្ថាននេះ​ ទទួលបានការគាំទ្រច្រើនពីក្រសួងបរិស្ថាន ម្ចាស់ដេប៉ូគ្រឿងសំណង់ និងប្រជាជនទូទៅដែលចង់សង់ផ្ទះខ្លួនឯង ហើយលោកបានសំណូមពរឲ្យប្រជាជនកម្ពុជានាំគ្នាប្រើឥដ្ឋបរិស្ថាន ដើម្បីចូលរួមកាត់បន្ថយសម្រាមផ្លាស្ទីកក្នុងស្រុកយើង ៕មានប្រភព៖business-cambodia


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply