មានកូនមួយទៅហើយ ទើប ឱក សុគន្ធកញ្ញា សារភាពរឿងស្មានមិនដល់មួយថា ធ្លាប់ Crush លើ ណុប បាយ៉ារិទ្ធ

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងតែនឹកស្មានមិនដល់ បន្ទាប់ពីអ្នកនាងសារភាពត្រង់ៗយ៉ាងច្បាស់ក្រឡែតថា អ្នកនាងធ្លាប់លួចស្រឡាញ់ (Crush) លើតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ កាលពីអ្នកនាងមានអាយុ ១២ ឆ្នាំ ។

អ្នកម្ដាយសម័យថ្មី ឱក សុគន្ធកញ្ញា ឆ្លៀតឱកាសជូនពរខួបកំណើត ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះរូបថតមួយសន្លឹកជាមួយតារាចម្រៀងប្រុសខាងលើ ព្រមទាំងកោះកកាយពីអតីតចាស់ៗរវាងពួកគេទាំងពីរ ដែលអ្នកគាំទ្រមិនធ្លាប់បានដឹង ។

ឱក សុគន្ធកញ្ញា បានរៀបរាប់យ៉ាងវែងថា «រំឭកឡើងវិញកាលពីខ្ញុំមានអាយុ ១២ ឆ្នាំ ខ្ញុំបានចេញ Album ចម្រៀងជាមួយគាត់ ហើយខ្ញុំតែងតែទុកគាត់ជា Crush រហូតមក ដល់ខ្ញុំអាយុ ១៥ឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំបានរៀបចំពិធីខួបកំណើតយ៉ាងធំសម្រាប់ខ្ញុំ ហើយពេលនោះមនុស្សម្នាក់ដែលខ្ញុំរង់ចាំ និងសង្ឃឹមថាគេនឹងចូលរួមនោះគឺជាគាត់ ទីបំផុតគាត់ពិតជាមកចូលរួម ពេលនោះបើនិយាយពីអារម្មណ៍ពិបាកបកស្រាយណាស់ ប៉ុន្តែចាប់ពីពេលនោះរហូតដល់សព្វថ្ងៃនេះគាត់គឺជាមិត្តរួមការងារ ជាបងប្រុសល្អម្នាក់ តែងតែមានការស្រឡាញ់ និងផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត គ្រប់ពេលតែងតែជួយដោយគ្មានលក្ខខណ្ឌ ។ រីករាយថ្ងៃកំណើតបងសម្លាញ់ សូមទេវតាតាមថែរក្សាបង មានសំណាងល្អ ជោគជ័យក្នុងឆាកជីវិត មានក្តីសុខទាំងកាយចិត្ត»

តែយ៉ាងណា ថ្វីដ្បិតពេលនេះ ឱក សុគន្ធកញ្ញា រៀបការមានស្វាមី និង កូនប្រុសម្នាក់ហើយក្ដី ប៉ុន្ដែទំនាក់ទំនងពួកគេប្រៀបដូចបងប្អូនផង និង មិត្តរួមការងារផង ៕

Leave a Reply