មិនធ្លាប់ដឹងថា ស្រុកបន្ទាយស្រី ដែនដីសម្បូរប្រាសាទ អាចដាំទុរេនបានផ្លែល្អ សាច់ផ្អែមឈ្ងុយជាប់ចិត្ត

និយាយដល់ទុរេន មហាជនភាគច្រើនប្រាកដជានឹកឃើញមុនគេដល់ដែនដីកំពត ដែលសម្បូរដោយដីក្រហមមានជីវជាតិ អាចដាំដុះដំណាំទុរេនបានរាប់សិបហិកតា និង ខេត្តផ្សេងៗមួយចំនួនទៀតដូចជាកំពង់ចាម ត្បូងឃ្មុំ ទុរេនមេម៉ត ទុរេនសំឡូតខេត្តបាត់ដំបងជាដើម ហើយទុរេនដែលចេញពីទឹកដីទាំងនេះ ក៏ល្បីមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ដល់ក្រអៅបេះដូង ។

ដោយឡែកថ្មីៗនេះ ខេត្តសៀមរាប ដែនដីសុវណ្ណាភូមិសម្បូរដោយប្រាសាទបុរាណ រូបចម្លាក់ មានក្បូរក្បាច់រចនាល្អប្រណិត ជាតំបន់ទេសចរណ៍ដ៏សំខាន់ និង ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា ក៏បានលេចចេញនូវដំណាំផ្លែឈើទុរេន សាច់ទឹកដោះគោមានរសជាតិផ្អែមមុត ឈ្ងុញឆ្ងាញ់មិនចាញ់ទុរេនមកពីតំបន់ផ្សេងៗខាងលើដែរ ។


ជាក់ស្ដែងនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ក្នុងឆ្នាំ ២០២០ នេះ មានលេចចេញនូវចម្ការទុរេន ១៧០ ដើម ដែលជាឆ្នាំដំបូងទើបប្រមូលផលបាន ហើយបើតាមប្រសាសន៍លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឱ្យដឹងថា ថ្វីដ្បិតតែឆ្នាំនេះជាឆ្នាំដំបូង តែធានាថារសជាតិទុរេនផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ដោយហេតុតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ ។


ដោយឃើញលទ្ធផលទុរេនឆ្នាំដំបូងបានល្អបែបនេះ លោកអភិបាលស្រុកវ័យក្មេងខាងលើចង់ជម្រុញឱ្យប្រជាពលរដ្ឋ ដាំដុះដំណាំហូបផ្លៃប្រភេទ ទុរេន ឬសាវម៉ាវជាដើមឱ្យបានច្រើន ដោយរដ្ឋបាលស្រុកនឹងចែកជូនពូជកូនដើមឈើដំណាំហូបផ្លែយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញឱ្យបន្ទាយស្រី ក្លាយជា «ដែនដីកសិទេសចរណ៍» ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត» ៕

Leave a Reply