ទាំងមេ WHO ​និងនាយករដ្ឋមន្ត្រីឥណ្ឌា ទប់លែងជាប់សរសើរកម្ពុជាអស់ពីបេះដូង ពូកែគ្រប់គ្រងកូវីដ ១៩

ថ្មីៗនេះលោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក បានផ្ញើលិខិតកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះវិធានការទប់ស្កាត់វីរុសកូវីដ ១៩ យ៉ាងមានប្រសិទ្ធភាព ។ ស្រាប់តែថ្មៗនេះទៀតលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានលាន់មាត់សរសើរសម្ដេចទៀតតាមរយៈកិច្ចសន្ទនាមួយ ។

កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោក Tedros Adhanom ​ប្រធាន WHO បានសរសេរលិខិតមួយថា៖ «ខ្ញុំមានកិត្តិយសសូមថ្លែងអំណរគុណចំពោះលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ដែលបានបង្ហាញនូវសមានចិត្ត ក្នុងការគាំទ្រ និង ការប្តេជ្ញា ចិត្តរបស់សម្តេចតេជោ  តាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការកាត់បន្ថយទំហំនៃផលប៉ះពាល់ និង ការបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ ១៩»

កាលនោះមេធំ WHO បន្តទៀតថា «ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និង តួនាទីរបស់សម្ដេចតេជោ»

ដោយឡែកបើតាមលិខិតមួយទៀតរបស់ក្រសួងការបរទេសបានឱ្យដឹងថា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជំងឺកូវីដ ១៩ ។ ការកោតសរសើរបានលើកឡើងនៅពេលសម្ដេចតេជោ ហ៊ុន សែន និងលោក ណារិនដ្រា ម៉ូឌី បានសន្ទនាជាមួយគ្នាតាមរយៈទូរសព្ទ ។

Leave a Reply