ច្បាស់ៗណាស់! មាស សុខសោភា ប្រកាសចាកចេញពីផលិតកម្មថោនជាផ្លូវការ នៅមុននេះបន្តិច

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញកំពូលតារាចម្រៀង មាស សុខសោភា បានប្រកាសថានាងចាកចេញពីទ្រនំថោនហើយ ។ ទោះបីជាយ៉ាងនេះក្តីកំពូលតារាចម្រៀងរូបនេះមិនទាន់បានបញ្ជាក់ពីមូលហេតុ និង ត្រូវចូលទ្រនំណាទៀតឡើយ ។

មុននេះបន្តិច មាស សុខសោភា បានបង្ហោះសារដែលមានអត្ថន័យថា «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town ។ អរគុណដល់បងប្រុសបងស្រីដែលបានមើលថែប្អូនរយៈពេល ៩ ឆ្នាំនេះ អនុស្សាវរីយ៍ និង អំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការ ផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា ។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រឡាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច» ។

ការលើកឡើងរបស់ មាស សុខសោភា ក៏មានការសួរនាំពីសំណាក់អ្នកគាំទ្រថានាងនឹងចូលផលិតកម្មណាបន្តទៀតដែរ ។ ខ្លះលើកទឹកចិត្តថាសំឡេងពីរោះជាតារាល្បីទោះទៅខាងណាក៏នៅតែល្បីដែរ ។ កន្លងមកធ្លាប់មានការលេចឮថា មាស សុខសោភា នឹងហក់ចូលផលិតកម្មហង្សមាស ក្រោយពីនាងចាកចេញពីផលិតកម្មថោន តែយ៉ាងណាមិនទាន់មានការបញ្ជាក់ពីតារាចម្រៀងរូបនេះនោះទេ ៕

Leave a Reply