ចាក់ដោតណាស់!! កាកា ​ថា បើ​ប្ដី ​ភ្លើ​ឃើញ​អាចម៍​ថា​ជា​គ្រាប់​ពេជ្រ​ក៏​ឲ្យ​វា​ខ្វាក់ភ្នែក​ទៅតាម​ហ្នឹង​ទៅ​ កុំ​ខ្លាច​បាត់បង់​ប្ដី

ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ មាន​ការ​ផ្ទុះ​រឿង​ប្ដី​មាន​ស្រី​​​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ធ្វើឲ្យ​កាកា ទ្រាំ​មិន​បាន ក៏​លើក​រឿង​ខ្លួន​ឯង​មក​និយាយ​ទាក់ទង​នឹង​ប្រធាន​បទ​នេះ​ដែរ ​​​ថា បើ​ប្ដី ​ភ្លើ​ឃើញ​អាចម៍​ថា​ជា​គ្រាប់​ពេជ្រ​ក៏​ឲ្យ​វា​ខ្វាក់ភ្នែក​ទៅតាម​ហ្នឹង​ទៅ​ កុំ​ខ្លាច​បាត់បង់​ប្ដី។


កាកា ​អូស្ត្រាលី ​បាន​សរសេរ​រៀបរាប់​ពី​រឿង​របស់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ខាង​លើ ​កាលពី​ពេល​ថ្មីៗ​នេះ​ដូច្នេះ​ថា ​អង្គុយ​អស់​សំណើច​ខ្លួនឯង ពីមុន​ធ្លាប់តែ​អង្គុយ​ហួងហែង​ប្ដី ខ្លាច​ប្ដី​ខិលខូច​ខ្លាច​ប្ដី​បែកឆ្វេង​លួច​បែកចិត្ត ធ្លាប់តែ​អង្គុយ​ចាប់កំហុស​តាមដាន​គ្រប់​សកម្មភាព​ដែល​ខុស​ប្រក្រតី​មិន​ឲ្យ​ទៅណា​ផុតពី​ក្រសែភ្នែក នេះ​ប្ដី​ខ្ញុំ​មិន​ចេះ​ខូច​ផង​ខ្ញុំ​ប្រុងប្រយ័ត្ន​ដល់​ថ្នាក់​ហ្នឹង គិត​ទៅ​មនុស្ស​ស្រី​យើង​មួយ​ចំនួន​អញ្ចឹង​មែន អា​គេ​មិនដែល​គិត​ថា​ខូច​ឬ​ក្បត់ចិត្ត​យើង​ម្ដង​ផង ឮ​នេះ​ឃើញ​នោះ​ពី​អ្នកដទៃ​តាំង​យក​មក​គិត​អគតិ​ចំពោះ​មនុស្ស​ក្បែរ​ខ្លួន។


អ្នក​នាង​បន្ត​ថា ​មាន​គេ​និយាយថា ​ខ្ញុំ​ខំ​យក​កូន​ដើម្បី​ចងជើង​ប្ដី អា​អ្នក​និយាយ​នេះ​ចេះតែ​និយាយ​មែន​! ចង់​អ្នកឯង​យក​កូន​ពីរ​កូន​បី​ បើ​គេ​មិន​ចង់​នៅ​ជាមួយ​ ក៏​ចង​ជើង​គេ​មិន​ចប់​ដែរ​ជឿ​ខ្ញុំ​ទៅ​! ហើយ​សូម​និយាយ​តាម​ត្រង់ តាំងពី​ខ្ញុំ​មាន​កូន​មក​ប្ដី​ខ្ញុំ​មិន​ដឹង​ខ្ញុំ​ទុក​នៅឯណា​ទេ គ្រាន់តែ​ខ្ញុំ​ដឹង​ថា​ពេលដែល​ខ្ញុំ​នៅ​មើល​ថែកូន​ចំរើន​គឺ​ឪ​វា​នៅ​កៀន​ក្បែរ​ហ្នឹង​រហូត សម្រាប់​មនុស្ស​ស្រី​ដូច​ខ្ញុំ​គ្មានអ្វី​សំខាន់​ជាង​កូន​ទេ​នៅពេលនេះ មិនមែន​ឈប់​ស្រឡាញ់​ប្ដី​ទេ ប៉ុន្តែ​ខ្ញុំ​គ្មាន​ពេល​សម្រាប់​ខ្វល់ខ្វាយ​រឿង​អត់​ប្រយោជន៍​ដូច​មុន គ្រាន់តែ​ចូលចិត្ត​គិត​អ្វី​ងាយស្រួល។


អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​រូប​នេះ​ បញ្ជាក់​ថា ​និយាយ​អោយ​ស្រួល​ស្តាប់ទៅ​គឺ​មនុស្ស​ធំ​កញ្ចាស់​ក្បាល​មាន​ប្រពន្ធ​មានកូន​អស់​ប៉ុណ្ណឹង​ហើយ បើ​ថ្ងៃក្រោយ​ភ្លើឃើញ​អាចម៍​ថា​ជា​គ្រាប់​ពេជ្រ​ក៏​ឲ្យ​វា​ខ្វាក់ភ្នែក​ទៅតាម​ហ្នឹង​ទៅ កុំ​ខ្លាច​បាត់បង់​ប្ដី​ព្រោះ​ប្ដី​មិនមែនជា​សាច់ឈាម​ដូច​កូន​របស់​យើង​ទេ៕

Leave a Reply