ភ្នំពេញ ៖ នេះជាការបញ្ជាក់របស់ទំព័រហ្វេសប៊ុកឈ្មោះ«រាជបុត្រ សូរ្យកាយ្យ» ដែលគេស្គាល់គ្រប់គ្នាថា កំពុងរស់នៅសហរដ្ឋអាមេរិក ដោយបានដកស្រង់ខំមិនរបស់ពិធីករ នាយទុយ មកធ្វើការអះអាងការពារទូច ស៊ុននិច នៅមុននេះបន្តិច។ រាជបុត្រ សូរ្យកាយ្យ នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ បានបញ្ជាក់ដូច្នេះថា «កក្រើកស្រុកខ្មែរទៀតហើយ នាយទុយ ឬលោកអ៊ឹ រដ្ឋា ចេញមុខក្តែងៗថា រាល់សម្តីរបស់បងស្រីទូចស៊ុននិច្ចពិតជាត្រឹមត្រូវ។ គាត់យល់ព្រមធ្វើសាក្សីប្រសិន បើមីក្តាវានៅតែប្រព្រឹត្តទង្វើលាមកថោកទាបបែបនេះទៀតអរគុណបងប្រុសសម្រាប់យុត្តិធម៌លើបងស្រីទូចស៊ុននិច្ច»។
ក្រោយមក នៅថ្ងៃដដែលនេះ រាជបុត្រ សូរ្យកាយ្យ ក៏បានធ្វើការឆ្លើយតបទៅនឹងអ្នកនាងម៉េង កែវពេជ្ជតា ដែលដកស្រង់សំណេរអ្នកគាំទ្ររបស់ខ្លួនមកធ្វើការអានតាមរយៈការឡាយវីដេអូ ក្នុងន័យបញ្ជាក់ថា ទូច ស៊ុននិច្ច ពិតជារមិលគុណគ្រូមែន។
លោក បានឆ្លើយតបបែបនេះថា «ហេតុអ្វីនាងចង់យកឈ្នះមនុស្សពិការ? តើបងស្រីទូចស៊ុននិច្ចជាមនុស្សច្រណែនឈ្នានីសដូចអ្វីដែលស្រីម្នាក់នេះចោទឬទេ? សូមកូនខ្មែរជួយប្រដៅក្បាលវាម្នាក់មួយផងរកយុត្តិធម៌ជូនបងនិច្ចផង»។
ជុំវិញបញ្ហានេះ មតិមហាជនមួយចំនួន ក៏បានធ្វើការគាំទ្រតារាចម្រៀងទូច ស៊ុននិច ផងដែរ ដោយលើកឡើងថា នាងពិការទៅហើយ នៅរករឿងឈ្លោះ ចង់ឈ្នះ ចង់ចាញ់អីទៀត ទុកឲ្យនាងរស់នៅបានសុខផង។
ជាក់ស្ដែងម្ចាស់គណនីហ្វេសប៊ុកមួយ បានលើកឡើងថា «ហើយហេតុអីចាំចាច់មកនិយាយរឿងគ្រូ អ្នកណាសួរគាត់។ មើលទៅច្រណែនបងនិច្ចខ្លាំងណាស់។ ឡាយសុខៗនិយាយនេះតិចនិយាយនោះតិច ចុះអ្នកណាទៅសួរគាត់។ ពាក្យគ្រប់មាត់ការពារបងនិច្ច តែខ្ញុំមើលឡាយម្ដងៗ និយាយតែពីចំណុចអាក្រក់របស់គេ។ តាមខ្លួនឯងនិយាយខ្លួនរឿងគ្រូ ពេលគេបង្ហោះភស្តុតាងរឿងបងនិច្ចមិនបានរមិលគុណគ្រូ តាំងថាគេធ្វើបាបគាត់»។
គួរបញ្ជាក់ថា តារាចម្រៀងទូច ស៊ុននិច ក្រោយរងការចោទប្រកាន់ជាបន្តបន្ទាប់នោះ ទោះខ្លួនពិកាយ៉ាងណា ក៏ខំចេញមកនិយាយធ្វើការបកស្រាយរួចហើយថា ខ្លួនមិនបានធ្វើតាមតារាចម្រៀងម៉េង កែវពេជ្ជតា អ្វីទាំងអស់ ខ្លួនមិនបាន រមិលគុណគ្រូ ខ្លួនមិនបានដណ្ដើមប្ដីគេអី ខ្លួនមិនដែលទៅច្រណែនឈ្នានីសអ្នកណា នោះទេ។
ទូច ស៊ុននិច្ច កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានបង្ហោះវីដេអូជូនថវិកាដល់អ្នកគ្រូខ្លួននាពេលកន្លងមក លើគណនីហ្វេសប៊ុកឈ្មោះ«ទូច ស៊ុននិច» ដោយ បញ្ជាក់ដូច្នេះថា «ឆ្លើយតបទៅនឹង face book Live នោះ ខ្ញុំបានបកស្រាយរួចហើយ។ ម៉េចក៏មកចោទថា “ខ្ញុំបដិសេធមិនទទួលស្គាល់អ្នកគ្រូគង់ណារីថាជាអ្នកបណ្ដុះបណ្ដាលខ្ញុំ” អញ្ចឹង? ហើយបើខ្ញុំមិនដែលនិយាយថាគាត់គឺជាគ្រូខ្ញុំទេ ហេតុអី្វក៏គេគ្រប់គ្នាដឹងថាអ្នកគ្រូគង់ណារីជាគ្រូសិល្បៈរបស់ខ្ញុំ? (បងប្អូនពិចារណាមើលចុះ)។
ខ្ញុំមិនដែលភ្លេចគ្រូទេ! សូម្បីតែក្នុង video ការបកស្រាយនោះ ក៏ខ្ញុំប្រាប់ពីឈ្មោះអ្នកគ្រូ យឹម ប៉ុណ្ណារី ដែលជាគ្រូសិល្បៈរបស់ខ្ញុំកាលខ្ញុំរៀននៅសាលាបឋមសិក្សាវត្តកោះដែរ ព្រោះពេលនោះខ្ញុំបកស្រាយពីការប្រលងចំរៀងរបស់ខ្ញុំនៅវ័យ៩ឆ្នាំរៀននៅបឋមសិក្សា ក្រោមការដឹកនាំរបស់គាត់។ ហើយ videoនោះដែរការបកស្រាយរបស់ខ្ញុំវាអត់មានទាក់ទងអី ទៅនឹងពេលវេលាសិល្បៈរបស់ខ្ញុំពេលដែលខ្ញុំទៅរៀននៅអនុវិទ្យាល័យវត្តកោះហើយមាន (អ្នកគ្រូគង់ណារីជាគ្រូសិល្បៈរបស់ខ្ញុំ) នោះសោះ!
តើអោយខ្ញុំលើកយកឈ្មោះអ្នកគ្រូគង់ណារីមកនិយាយយ៉ាងម៉េច? ខ្ញុំមិនមែនជាមនុស្សរមិលគុណគ្រូទេ ហើយខ្ញុំអាចជួយអ្នកគ្រូបានគឺទៅតាមលទ្ធភាពរបស់ខ្ញុំ។ គាត់បានលាចាកលោកទៅហើយ សូមកុំយកឈ្មោះនិងវិញ្ញាណក្ខ័ន្ធគាត់ ដើម្បីមកព្យាបាទខ្ញុំអី! ហើយសូមឈប់លាបពណ៌ និងឈប់និយាយបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំទៀតទៅ!»។ ក្រោយឃើញបែបនេះ នាយទុយ ក៏ចេញមកគាំទ្រតាមរយៈខំមិន ហើយត្រូវបានរាជបុត្រ សូរ្យកាយ្យ ស្ក្រីន យកមកធ្វើការបញ្ជាក់ដូចខាងលើនោះតែម្ដង។
តែជុំវិញរឿងនេះ អ្នកនាងម៉េង កែវពេជ្ជតា ក៏ដូចអ្នកគាំទ្រមួយចំនួនមិនសុខចិត្ត ក៏ចេញមុខតតាំង រកភស្ដុតាងនេះ ភស្ដុតាងនោះ ហើយក៏ធ្វើជាសាក្សីផង រហូតមានរឿងរ៉ាវរាលដាលមិនចេះចប់មិនចេះហើយ។ កន្លងមក អ្នកនាង ម៉េងកែវពេជ្ជតា ធ្លាប់បានបញ្ជាក់ថា ខ្លួនជាដើមឈើ បើខ្យល់មិនព្រមឈប់ តើឲ្យខ្លួនឈប់ ដោយរបៀបណាទៅ៕