រៀនចប់ផ្នែកធនាគារធ្វើការបានប្រាក់ខែតិចពេក អាង ឡេងភាវ មកប្រកបរបរដាំស្មៅលក់ រកកម្រៃបានឈឹបៗ

មុខរបរដាំស្មៅលក់ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលពួកគេទិញស្មៅយកទៅដាំនៅតាមសួនច្បារសាធារណៈ រមណីយដ្ឋាន និង នៅតាមភូមិគ្រឹះជាដើម ។ ដោយសារតែរៀនចប់ផ្នែកធនាគារ ហើយទៅធ្វើការឱ្យគេបានប្រាក់ខែតិចពេក ប្អូនប្រុស អាង ឡេងភាវ បានងាកមកប្រករបរដាំស្មៅលក់វិញម្តង ដែលមុខរបរដាំស្មៅរបស់ប្អូនកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។


បច្ចុប្បន្ន ប្អូនប្រុសមានផ្ទៃដីដាំស្មៅទំហំ ៥ហិកតា នៅក្នុងភូមិ អញ្ជែង ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្អូនប្រុសមានផ្ទៃដីដាំស្មៅច្រើនជាងគេ ក្នុងចំណោមអ្នកដាំស្មៅដទៃទៀតនៅក្នុងភូមិជាមួយគ្នា ។

ពេលជួបជាមួយ« ប្រជាប្រិយ» ប្អូនប្រុស អាង ឡេងភាវ បានរៀបរាប់ថា បន្ទាប់ពីរៀនចប់លើមុខជំនាញផ្នែកធនាគារកាលពីឆ្នាំ ២០១៥ ខ្ញុំបានទៅធ្វើការនៅធនាគារមួយបានរយៈពេលជិតមួយឆ្នាំដែរ ប៉ុន្តែដោយសារធ្វើការនៅទីនោះ ទទួលបានប្រាក់ខែតិចពេក ខ្ញុំក៏ងាកមកដាំស្មៅលក់វិញម្តង ដែលមុខរបរដាំស្មៅនេះ បន្តកេរដំណែលពីឪពុក ម្តាយរបស់ខ្ញុំ ដែលពួកគាត់មានវ័យកាន់តែចាស់ទៅហើយ ។

ការងាកមកប្រកបរបរដាំស្មៅនេះ បើទោះវាមានការនឿយហត់បន្តិចក្តី តែវាក៏អាចទទួលបានប្រាក់ចំណូលបានច្រើនគួរសម ហើយវាក៏មិនឈឺក្បាលដូចធ្វើការឱ្យគេដែរ ។ ស្មៅដែលខ្ញុំដាំរាល់ថ្ងៃនេះ មានពីរប្រភេទគឺប្រភេទស្មៅជប៉ុន និង ស្មៅម៉ាឡេស៊ី ដោយក្នុងមួយម៉ែត្រការ៉េ ខ្ញុំលក់ក្នុងតម្លៃពី ០,៧០ដុល្លារ ទៅជិត២ដុល្លារ ។

ដោយក្នុងមួយខែ ខ្ញុំអាចលក់ស្មៅបានចន្លោះពី ៥០០ម៉ែត្រការ៉េ ទៅ ជាង ១០០០ម៉ែត្រការ៉េដែរ ។ ទីផ្សារស្មៅនេះគឺលក់ដាច់ខ្លាំងនៅក្នុងរដូវវស្សា នៅរដូវប្រាំងលក់មិនសូវដាច់នោះទេ ហើយតម្លៃវាថោកទៀត ព្រោះអតិថិជន គេមិនសូវទិញទៅដាំ ដោយខ្លាចដាំមិនរស់ ។

**បច្ចេកទេសក្នុងការដាំស្មៅសម្រាប់លក់ ទាក់ទងនឹងបច្ចេកទេសដាំស្មៅសម្រាប់លក់នេះ ប្អូនប្រុស អាង ឡេងភាវ បានរៀបរាប់ថា ដើម្បីដាំស្មៅឱ្យលូតលាស់បានល្អនោះ មុនដំបូងគឺយើងត្រៀមពូជស្មៅ ដែលត្រូវដាំឱ្យបានរួចរាល់ ជាមួយគ្នានេះ យើងត្រូវភ្ជួរដីហាលរយៈពេល ២ ឬ ៣ថ្ងៃ បន្ទាប់មកយើងរាស់វាឱ្យរាបស្មើ ហើយយកស្មៅព្រៃចេញឱ្យបានស្អាតល្អ បន្ទាប់មកទៀតយើងយកពូជស្មៅ ដែលត្រៀមទុករួចជាស្រេចនោះមកដាក់ដាំ ។


ក្នុងការដាំស្មៅនេះគឺយើងធ្វើការប៉ាន់ស្មានថា តើគម្លាតប៉ុន្មាន ដែលស្មៅអាចដុះ និង វាប្រទាកក្រឡាគ្នាបានក្រាស់ល្អ ប៉ុន្តែសម្រាប់ខ្ញុំរាល់ពេលដាំស្មៅគឺខ្ញុំជួលគេ ហើយអ្នកដាំស្មៅទាំងនោះ គេមានបទពិសោធ និង បច្ចេកទេសរបស់គេក្នុងការដាំស្មៅនេះ ។ បន្ទាប់ពីដាំស្មៅហើយ យើងត្រូវបង្ហៀរទឹកបញ្ចូលក្នុងចម្ការស្មៅនោះ ដើម្បីឱ្យដីដាំស្មៅនោះមានលក្ខណៈសើម ហើយស្មៅលូតលាស់បានល្អ ។


ការដាំស្មៅនេះគឺយើងពិនិត្យមើលវាព្រឹក ល្ងាច បើសណ្ឋានដីដាំស្មៅមានលក្ខណៈស្ងួត យើងត្រូវបង្ហៀរទឹកបញ្ចូលក្នុចម្ការស្មៅនោះ គឺធ្វើយ៉ាងណាឱ្យផ្ទៃដីចម្ការស្មៅនោះ មានសំណើមរហូត។ តែបើវាមិនមានការលូតលាស់ល្អទេគឺយើងប្រើជីអ៊ុយរ៉េជំនួយ ។ បន្ទាប់ពីដាក់ដាំហើយ រយៈពេល ៣ ឬ ៣ខែកន្លះគឺយើងអាចឈូសលក់ឱ្យអតិថិជនបានហើយ ។


បើបងប្អូនចង់ទិញ ឬ ចង់ដឹងព័ត៌មានលម្អិតពីបច្ចេកទេសក្នុងការដាំស្មៅនេះ អាចទាក់ទងប្អូនប្រុស អាង ឡេងភាវ ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទទាំងនេះ៖ ០១៥ ៤៦៧៦៤៣,០៧៦ ៥៤៥៥ ៤៤៥ ,០៩៧ ២៨១៤១ ២៩ ៕

Leave a Reply