បរទេស៖ នៅតំបន់ស៊ីប៊ីរី គឺជាតំបន់ដែលសំបូរទៅដោយអំបូរដំរីម៉ាមូត ហើយវាបានផុតពូជរាប់លានឆ្នាំមកហើយ។ នៅពេលថ្មីៗនេះមានការផ្ទះឡើងនូវការស្វែររកនូវភ្លុករបស់ដំរីម៉ាមូត បន្ទាប់ពីមានពលរដ្ឋម្នាក់នៅទីនោះរកឃើញភ្លុកដំរីមួយ លក់បានតម្លៃយ៉ាងថ្លៃនោះ ហើយរបរថ្មីនេះបានក្លាយជា «ចលនា» របស់មនុស្សជាច្រើនដែលសំរុកមករកវាបំណងប្តូរនិស្ស័យនៃជីវិត។
ភ្លុករបស់ដំរីម៉ាមូតមាន២ប្រភេទ គឺប្រភេទ១កប់ក្នុងដី ហើយ១ទៀត គឺកប់ក្នុងទឹកកក ។ ភ្លុកដែលកប់ក្នុងដី វាពុំអាចឆ្លាក់អ្វីបាន ហេតុនេះមានតម្លៃថោក រីឯភ្លុកកប់ក្នុងទឹកកក គឺបានថ្លៃណាស់។
ងាកមកអតីតកាលវិញ នោះប្រមាណជា ១,២ លានឆ្នាំមុន ដោយសារតែបំរែបំរួលធាតុអាកាស ការឡើងកំដៅនៃផែនដី ព្រមទាំងការប្រមាញ់របស់មនុស្សដើម ធ្វើឲ្យអម្បូរដំរីដ៏ធំសម្បើមនេះផុតពូជបន្សល់ទុកតែ «ភ្លុក» ដ៏មានតម្លៃរបស់វា ។
សកម្មភាពជីកយកភ្លុកដំរី គឺផ្ទុយនឹងច្បាប់ ប៉ុន្តែ ព្រោះចំណូលសន្ធឹកសន្ធាប់ ធ្វើឲ្យគេលែងញញើតច្បាប់ ហើយការរកឃើញភ្លុកនីមួយៗ ទាមទារកម្លាំងយ៉ាងច្រើន។ វាជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ណាស់។ ពួកគេមានឧបករណ៍កែច្នៃសម្រួលដល់ការជីកកកាយរុករក ។
ប្រសិនបានភ្លុកដំរីមួយនៅល្អ នោះប្រាក់ចំណូលស្មើនឹងបៀវត្សមន្ត្រីរាជការ១ឆ្នាំឯណោះ ហើយសូម្បីតែមិនល្អ ក៏អាចចិញ្ចឹមគ្រួសាររួច១រដូវរងារផងដែរ។ ឈ្នួញកណ្តាលនឹងទិញយកភ្លាម រួចបន្តធ្វើការចម្លាក់ជាវត្ថុសិល្បៈមានតម្លៃលើសថ្លៃដើមច្រើនដង៕
