ភ្នំពេញ ៖ ក្រោយពីពិធីការិនី គង់ សុជាតិ ដែលជាប្រពន្ធរបស់ខ្លួនបានជាសះស្បើយពីជំងឺនោះ កាលពីម្សិលមិញនេះ លោកជា វិបុល បានដឹកដៃអ្នកនាង ទៅសាងអនុស្សាវរីយជាថ្មីនៅលើទឹកដីកោះដ៏ស្រស់ស្អាត ជាមួយនឹងការពោលពាក្យយ៉ាងផ្អែមល្ហែមទៀតផង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននោះ អ្នកនាងគង់ សុជាតិ ហាក់មិនសប្បាយចិត្តនោះទេ រហូតធ្លាក់ខ្លួនឈឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលប្រមាណ៣សប្ដាហ៍ទៀតផង។
តែជាសំណាងល្អ បានក្រុមគ្រួសារ ញាតិមិត្ត ជាពិសេសប្ដីជាទីស្រឡាញ់របស់អ្នកនាងថ្នាក់ថ្នមលួងលោម លើកទឹកចិត្ត និងបង្ហាញក្ដីស្រឡាញ់ទៅកាន់អ្នកនាង ដើម្បីបញ្ជាក់ថាខ្លួនមិនវៀចវេរចំពោះអ្នកនាងនោះ រួមផ្សំនឹងការយកចិត្តទុកដាក់ពីគ្រូពេទ្យ ធ្វើឲ្យជំងឺរបស់អ្នកនាងបានធូរស្បើយ រហូតចេញមកប្រកបមុខរបរ ធ្វើការងារវិញបានធម្មតា។
ក្រោយពីធ្វើការងារហត់នឿយ និងដើម្បីកាន់តែធ្វើឲ្យស្រស់ស្រាយសប្បាយចិត្តបំភ្លេចរឿងអតីតនោះ លោកជា វិបុល ក៏បានដឹកនាំអ្នកនាងទៅលេងកោះរ៉ុង នាខេត្តព្រះសីហនុ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ឆ្នេរខ្សាច់ដ៏គួរជាទីគយគន់ រឹតតែធ្វើឲ្យគូស្នេហ៍មួយគូនេះ ញញឹមបិទមាត់មិនជិតទៀតផង។
ជាក់ស្ដែងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ និងតាមបណ្ដាញសង្គមអ៊ីនស្ដាក្រាម នាថ្ងៃនេះ អ្នកនាងគង់ សុជាតិ បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមស្ទើរតែលើសជាតិស្ករជាច្រើនសន្លឹក អមដោយការសរសេរថា «តោះសាងអនុស្សាវរីយជាថ្មីនៅលើទឹកដីកោះដ៏ស្រស់ស្អាត ពេលវាលាបណ្តាលអោយយើងជួបគ្នា ពេលវាលាបណ្តាអោយស្រលាញ់គ្នា … យ៉ាងណាបងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន»៕