ក្រោយមានការធូរស្រាលច្រើនពីវីរុសកូវីដ១៩ ប្រទេសវៀតណាម បែរផ្ដើមព្រួយបារម្ភជាថ្មី ចំពោះការកើតឡើងនៃវីរុស D1V1 ។ វីរុស D1V1 ឬហៅថា decapod iridescent virus 1 គឺជាវីរុសកើតមានឡើងលើសត្វបង្គា ប៉ុន្តែមិនមានព័ត៌មានបញ្ជាក់ថា វាអាចឆ្លងមកមនុស្សឬក៏យ៉ាងណានោះទេ ។
ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភនៅតែមានលើវីរុសនេះ ដោយសារតែវាមានការប៉ះពាល់ខ្លាំងលើវិស័យអាជីវកម្មបង្គាក្នុងប្រទេសរបស់ខ្លួន ។ D1V1 Virus ត្រូវបានឲ្យដឹងថា ជាជំងឺឆ្លងខ្លាំងបំផុតលើសត្វបង្គា ហើយអត្រាងាប់នៃវីរុសនេះលើបង្គារក៏ខ្ពស់ណាស់ដែរ ។
បើតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា វីរុសនេះ រកឃើញដំបូងក្នុងឆ្នាំ ២០១៤ ហើយចាប់តាំងពីនោះមក កសិករចិញ្ចឹមបង្គាជាច្រើនមានការព្រួយបារម្ភជាខ្លាំងចំពោះសេដ្ឋកិច្ចខ្លួន ប្រសិនបើវាមានការផ្ទុះឡើងនោះ ។
តាមសារព័ត៌មានដដែលនេះបានបញ្ជាក់ដែរថា កសិដ្ឋានចិញ្ចឹមបង្គាមួយនៅក្នុងប្រទេសចិន បានរងការខាតបង់ទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយសារតែវីរុសនេះ ។
«ក្នុងពេលត្រឹម ២ ទៅ ៣ ថ្ងៃ ចំនួនសត្វបង្គាក្នុងស្រះទាំងអស់នឹងត្រូវងាប់ ប្រសិនបើបង្គារមួយក្បាលណាមានវីរុសនេះ» ។
អ្វីដែលអាក្រក់ជាងនេះទៀតគឺថា វីរុស D1V1 គឺឆ្លងទៅលើបង្គាគ្រប់ទំហំ មិនថាទាំងបង្គានៅតូច ឬធំពេញរូបរាងឡើយ ដែលជាហេតុធ្វើឲ្យវិស័យសេដ្ឋកិច្ចកាន់តែដុនដាបសម្រាប់អ្នកចិញ្ចឹមបង្គា ។
គួបញ្ជាក់ថា រោគសញ្ញានៃវីរុស D1V1 លើសត្វបង្គានេះ អាចចាប់អារម្មណ៍បានតាមរយៈសំបកបង្គា ដែលប្រែពណ៌ទៅជាក្រហម និងប្រែជាទន់ មុនពេលបង្គាទាំងនោះលិចងាប់ធ្លាក់ចុះទៅបាតស្រះ ។
លោក Phùng Đức Tiến អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទបានប្រកាសហាមមិនឲ្យមានការធ្វើអាជីវកម្មខុសច្បាប់លើពពួកកំពិស និងបង្គាទាំងអស់ ដើម្បីបញ្ចៀសការនាំយកវីរុសនេះចូលប្រទេសរបស់ខ្លួន ។
ទោះបីជាកំពុងមានការព្រួយបារម្ភ ប៉ុន្តែបច្ចុប្បន្នប្រទេសវៀតណាមនៅមិនទាន់មានរកឃើញការផ្ទុះឆ្លងវីរុសនេះនៅឡើយទេ ៕
ប្រភព៖ WorldOfBuzz