ចន ច័ន្ទលក្ខិណា ដឹកនាំអ្នកសិល្បៈទៅក្រាបសំពះលាសពវីរៈសិល្បករអាយ៉ៃ ឈិន ឈាង លើកចុងក្រោយ

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករសិល្បការិនីខ្មែរ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈសិល្បករអាយ៉ៃជើងចាស់ ឈិន ឈាង នាគេហដ្ឋានឯក្រោយវត្តនាគវ័ន្ត ។

ជាមួយគ្នានោះដែរ ប្រធានសមាគមសិល្បករខ្មែរខាងលើ រួមទាំងអ្នកសិល្បៈជាច្រើនរូបទៀត ក៏បាននាំបច្ច័យ និង ចូលរួមចំណាយពិធីបុណ្យ ២,២០០,០០០ រៀល របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ «មូលនិធិសិល្បករចាស់ជរា» ចូលបុណ្យសពវីរៈសិល្បករអាយ៉ៃ លោក ឈិន ឈាង ផងដែរ ។

ក្នុងឱកាសនោះដែរ បន្ទាប់ពីបានដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពវីរៈសិល្បករផ្នែកអាយ៉ៃ លោក ឈិន ឈាង ព្រមទាំងបានចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំជាមួយលោកស្រី អ៊ុក សុផា ព្រមទាំងក្រុមគ្រួសារនៃសព អ្នកនាងប្រធានសមាគម ក៏បានជួបសំណេះសំណាលជាមួយវីរៈសិល្បករ សិល្បការិនីចាស់ទុំជាច្រើនរូប ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យនេះថែមទៀត ។

គួរឱ្យដឹងដែរថា វីរៈសិល្បករអាយ៉ៃ លោក ឈិន ឈាង បានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកដែលស្ថិតនៅខាងក្រោយវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

Leave a Reply